មេរៀន៖ របៀបធ្វើអ៊ុមរ៉ោះ
ស្វែងយល់ពីការគោរពសក្ការៈដ៏ឧត្តុង្គឧត្តម និងរបៀបប្រតិបត្តិឲ្យបានត្រឹមត្រូវ
សេចក្តីផ្តើម
ការធ្វើអ៊ុមរ៉ោះ គឺជាការគោរពសក្ការៈ (អ៊ីបាដ័ទ) មួយដ៏ឧត្តុង្គឧត្តម។ អ្នកមានជំនឿបានធ្វើដំណើរឆ្ពោះទៅកាន់បៃតុលឡោះ អាល់ហារ៉ម ដើម្បីបំពេញភារកិច្ចដ៏ថ្លៃថ្លានេះ ដោយសង្ឃឹមនឹងទទួលបាននូវផលបុណ្យយ៉ាងធំធេង។ នៅក្នុងមេរៀននេះ អ្នកនឹងបានសិក្សាអំពី៖
- និយមន័យ ច្បាប់ និងឧត្តមភាព (ហ្វាឌីឡាត់) របស់អ៊ុមរ៉ោះ
- របៀបនៃការប្រតិបត្តិអ៊ុមរ៉ោះមួយជំហានម្តងៗ
១. ស្គាល់ពីអ៊ុមរ៉ោះ
និយមន័យអ៊ុមរ៉ោះ
អ៊ុមរ៉ោះ ៖ គឺជាការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់ ដោយការតវ៉ាហ្វ (ដើរក្រឡឹង) ជុំវិញកាក់បះ និងការសាអ៊ី (ដើរចុះឡើង) រវាងភ្នំសហ្វា និងភ្នំម៉ារវ៉ះ បន្ទាប់មក កាត់ ឬកោរសក់។
ច្បាប់នៃការធ្វើអ៊ុមរ៉ោះ
ការធ្វើអ៊ុមរ៉ោះ គឺជាកាតព្វកិច្ច (វ៉ាជិប) ក្នុងមួយជីវិតម្តង ចំពោះអ្នកដែលមានលទ្ធភាព។ ហើយវាជាស៊ូណិត (ការស្ម័គ្រចិត្ត) ឲ្យធ្វើអ៊ុមរ៉ោះបន្ទាប់ពីនោះឲ្យបានច្រើនតាមសមត្ថភាព និងលទ្ធភាព។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ "ហើយចូរពួកអ្នកបំពេញកាតព្វកិច្ចហាជ្ជី និងអ៊ុមរ៉ោះដើម្បីអល់ឡោះ"។ (ស៊ូរ៉ោះ អាល់បាក់កក់រ៉ោះ:១៩៦)
អំពី អាអ៊ីស្ហះ រ៉ឌីយ៉ល់ឡាហូអាន់ហា បាននិយាយថា៖ ខ្ញុំបាននិយាយថា៖ "ឱរ៉ស៊ូលុលឡោះ! តើចំពោះស្ត្រីមានកាតព្វកិច្ចត្រូវធ្វើការតស៊ូ (ជីហាទ) ដែរឬទេ?" លោកបានឆ្លើយថា៖ "បាទ ចំពោះស្ត្រី ក៏មានកាតព្វកិច្ចត្រូវធ្វើការតស៊ូ (ជីហាទ) ដែរ តែគ្មានការកាប់សម្លាប់នៅក្នុងវានោះឡើយ គឺការធ្វើហាជ្ជី និងអ៊ុមរ៉ោះ"។
ឧត្តមភាពនៃការធ្វើអ៊ុមរ៉ោះ
- អំពី អាពូហ៊ូរ៉យរ៉ោះ រ៉ឌីយ៉ល់ឡាហូអាន់ហ៊ូ ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ "ពីអ៊ុមរ៉ោះមួយទៅអ៊ុមរ៉ោះមួយទៀត វាជម្រុះចោលនូវបាបកម្មនៅចន្លោះនោះ ហើយហាជ្ជីដែលគេទទួលយក គ្មានអ្វីតបស្នងចំពោះវាក្រៅពីឋានសួគ៌ឡើយ"។
- អំពី អ៊ិបនូអាប់បាស រ៉ឌីយ៉ល់ឡាហូអាន់ហ៊ូម៉ា បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ការឆ្លាស់គ្នារវាងហាជ្ជីនិងអ៊ុមរ៉ោះនេះ ត្បិតវាទាំងពីរ គឺបំបាត់នូវភាពក្រីក្រ និងបាបកម្ម ប្រៀបដូចជាភ្លើងដែលដុតយកភាពមិនស្អាតចេញពីដែក។”
ពេលវេលាធ្វើអ៊ុមរ៉ោះ
គេអាចធ្វើអ៊ុមរ៉ោះបានគ្រប់ពេលវេលាទាំងអស់ក្នុងមួយឆ្នាំ (ដោយគ្មានកំណត់)។
- ការធ្វើអ៊ុមរ៉ោះក្នុងបណ្តាខែហាជ្ជី គឺប្រសើរជាង។
- ការធ្វើអ៊ុមរ៉ោះក្នុងខែរ៉ម៉ាឌនវិញ ផលបុណ្យរបស់វា គឺទ្វេដង ហើយវាស្មើនឹងការធ្វើហាជ្ជី។
អំពី អ៊ិបនូអាប់បាស រ៉ឌីយ៉ល់ឡាហូអាន់ហ៊ូម៉ា ពិតណាស់ ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ "ពិតណាស់ការធើ្វអ៊ុមរ៉ោះក្នុងខែរ៉ម៉ាឌន ស្មើនឹងការធ្វើហាជ្ជី ឬស្មើនឹងការធ្វើហាជ្ជីជាមួយខ្ញុំ"។
២. របៀបធ្វើអ៊ុមរ៉ោះ
ការធ្វើអ៊ុមរ៉ោះមាន ៤ ជំហានសំខាន់ៗ៖
- អៀហរ៉ម (Ihram) ពីមីកត
- តវ៉ាហ្វ (Tawaf)
- សាអ៊ី (Sa'i)
- កាត់ ឬកោរសក់
អៀហរ៉ម គឺជាការតាំងចិត្ត (នៀត) ចូលទៅក្នុងការបំពេញកាតព្វកិច្ចអ៊ុមរ៉ោះ។
- ដោះសម្លៀកបំពាក់ដែលមានថ្នេរ (សម្រាប់បុរស)។
- ងូតទឹក (ស៊ូណិត)។
- ប្រើគ្រឿងក្រអូបនៅលើក្បាលនិងពុកចង្ការ (សម្រាប់បុរស)។
- ស្លៀកសម្លៀកបំពាក់អៀហរ៉ម (សម្រាប់បុរសគឺកំណាត់សពីរផ្ទាំង, សម្រាប់ស្ត្រីគឺសម្លៀកបំពាក់ធម្មតាដែលគ្របដណ្តប់ល្អ)។
ក្រោយមក ប្រសិនបើដល់ពេលសឡាតហ្វើរទូ (កាតព្វកិច្ច) ត្រូវសឡាតហ្វើរទូនោះនៅឯមីកត។ បើមិនដូច្នោះទេ អាចសឡាតស៊ូណិតពីររ៉ក្អាត់ (ប្រសិនបើចង់)។
នៅពេលសឡាតរួចរាល់ ត្រូវអៀហរ៉ម (នៀត) ចូលក្នុងអ៊ុមរ៉ោះរបស់គេដោយនៀតក្នុងចិត្ត។ បន្ទាប់មក ត្រូវពោលថា៖
لَبَّيْكَ اللَّهُمَّ عُمْرَةً
"ឡាប់បៃក័លឡោះហ៊ុម្ម៉ា អ៊ុមរ៉ោះ" (ឱអល់ឡោះ! ទូលបង្គំសូមឆ្លើយតបការអំពាវនាវរបស់ទ្រង់ដើម្បីធ្វើអ៊ុមរ៉ោះ)
តវ៉ាហ្វ គឺជាការដើរក្រឡឹងជុំវិញកាក់បះចំនួន ៧ ជុំ។
- ពេលចូលដល់ម៉ាស្ជិតអាល់ហារ៉ម ត្រូវឈានជើងស្តាំចូលមុន និងសូត្រទូអាពេលចូលម៉ាស្ជិត។
- ពេលទៅដល់កាក់បះ ត្រូវបញ្ឈប់ការសូត្រតាល់ប៊ីយ៉ះមុននឹងចាប់ផ្តើមតវ៉ាហ្វ។
- ចំពោះបុរស៖ បើកស្មាស្តាំ (ដាក់ក្រណាត់អៀហរ៉មពីក្រោមក្លៀកស្តាំ និងជាយលើស្មាឆ្វេង) សម្រាប់តែតវ៉ាហ្វអ៊ុមរ៉ោះនេះប៉ុណ្ណោះ។
- ចាប់ផ្តើមតវ៉ាហ្វពី ហាជើរ៉ុលអាសវ៉ាត់ (ថ្មខ្មៅ)។ ប៉ះឬស្ទាបដោយដៃស្តាំ រួចថើប (ប្រសិនបើអាច)។ បើមិនអាច ត្រូវលើកដៃស្តាំបែរទៅរកវា ហើយពោលថា "អល់ឡោះហូអាក់បារ" ដោយមិនថើបដៃ។
- តវ៉ាហ្វដោយឲ្យកាក់បះនៅខាងឆ្វេងដៃ ចំនួន ៧ ជុំ។
- ចំពោះបុរស៖ ដើរលឿនៗ (រ៉ម៉ាល់) នៅ ៣ ជុំដំបូង។
- ពេលទៅដល់ជ្រុងយ៉ាម៉ានី ប៉ះឬស្ទាបវា (បើអាច) តែមិនត្រូវថើបទេ។ បើមិនអាចប៉ះ ក៏មិនត្រូវលើកដៃស្វាគមន៍ដែរ។
- នៅចន្លោះរវាងជ្រុងយ៉ាម៉ានី និងហាជើរ៉ុលអាសវ៉ាត់់ សូត្រថា៖
رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً وَفِي الْآخِرَةِ حَسَنَةً وَقِنَا عَذَابَ النَّارِ
"រ៉ប់បាណា អាទីណា ហ្វីឌដុនយ៉ា ហាសាណះ វ៉ាហ្វីលអាខីរ៉រ៉ទី ហាសាណះ វ៉ាគីណា អាហ្កាប៉ាន់ណារ"
រាល់ពេលឆ្លងកាត់ហាជើរ៉ុលអាសវ៉ាត់ ត្រូវតឹកបៀរ (សូត្រ អល់ឡោះហូអាក់បារ)។ ក្នុងគ្រប់ជុំ អាចសុំទូអា ហ្ស៊ីកៀរ និងសូត្រគម្ពីរគួរអានតាមអ្វីដែលប្រាថ្នា។
សឡាតពីររ៉ក្អាត់ក្រោយពីតវ៉ាហ្វ
ពេលតវ៉ាហ្វគ្រប់ ៧ ជុំហើយ ត្រូវគ្របស្មា (សម្រាប់បុរស)។ ឆ្ពោះទៅកាន់ផ្នែកខាងក្រោយនៃ ម៉ាកមអ៊ីព្រហ៊ីម (បើអាច) ឬកន្លែងណាក៏បានក្នុងម៉ាស្ជិតអាល់ហារ៉ម ហើយសឡាតពីររ៉ក្អាត់។
- រ៉ក្អាត់ទី១៖ បន្ទាប់ពីសូត្រអាល់ហ្វាទីហះ សូត្រស៊ូរ៉ោះ អាល់កាហ្វីរូន។
- រ៉ក្អាត់ទី២៖ បន្ទាប់ពីសូត្រអាល់ហ្វាទីហះ សូត្រស៊ូរ៉ោះ អាល់អៀខ្លើស។
សាអ៊ី គឺជាការដើរចុះឡើងរវាងភ្នំសហ្វា និងភ្នំម៉ារវ៉ះ ចំនួន ៧ ជើង។
- ចេញទៅកាន់កន្លែងសាអ៊ី។ ពេលជិតដល់ភ្នំសហ្វា សូត្របន្ទូលរបស់អល់ឡោះ៖
إِنَّ الصَّفَا وَالْمَرْوَةَ مِنْ شَعَائِرِ اللَّهِ
"អ៊ិនណ័សសហ្វា វ៉ល់ម៉ារវ៉ាតា មីនស្ហะអាអ៊ិរិលឡា"
ក្រោយមក ពោលថា៖ أَبْدَأُ بِمَا بَدَأَ اللَّهُ بِهِ (អាប់ដាអ៊ុ ប៊ីម៉ា បាដាអល់ឡោះហ៊ូ ប៊ីហ៊ី - ខ្ញុំចាប់ផ្តើមដោយអ្វីដែលអល់ឡោះបានចាប់ផ្តើម به)។
- ឡើងលើភ្នំសហ្វា តម្រង់ទៅកាន់កាក់បះ លើកដៃទាំងពីរ ថ្លែងសរសើរអល់ឡោះ និងបួងសួងសុំទូអា។ ក្នុងចំណោមទូអាគឺ៖
لَا إِلَٰهَ إِلَّا اللَّهُ وَحْدَهُ لَا شَرِيكَ لَهُ، لَهُ الْمُلْكُ وَلَهُ الْحَمْدُ وَهُوَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ، لَا إِلَٰهَ إِلَّا اللَّهُ وَحْدَهُ، أَنْجَزَ وَعْدَهُ، وَنَصَرَ عَبْدَهُ، وَهَزَمَ الْأَحْزَابَ وَحْدَهُ
ធ្វើបែបនេះ ៣ ដង ដោយមានការសុំទូអានៅចន្លោះនោះ។
- ចុះពីភ្នំសហ្វា តម្រង់ទៅភ្នំម៉ារវ៉ះ។
- ចំពោះបុរស៖ នៅចន្លោះបង្គោលភ្លើងពណ៌បៃតងទាំងពីរ ត្រូវរត់លឿនបន្តិច។ ស្ត្រីដើរធម្មតា។
- ឡើងលើភ្នំម៉ារវ៉ះ ធ្វើដូចនៅភ្នំសហ្វាដែរ (តម្រង់ទៅកាក់បះ លើកដៃសុំទូអា...) លើកលែងតែមិនសូត្រអាយ៉ាត់ إِنَّ الصَّفَا... និងមិនពោលថា أَبْدَأُ...។
- ការធ្វើដំណើរពីសហ្វាទៅម៉ារវ៉ះ រាប់ជាមួយជើង។ ពីម៉ារវ៉ះទៅសហ្វា រាប់ជាមួយជើងទៀត។ ធ្វើរហូតគ្រប់ ៧ ជើង ដោយបញ្ចប់នៅភ្នំម៉ារវ៉ះ។
- ក្នុងពេលសាអ៊ី ស៊ូណិតបង្កើនការហ្ស៊ីកៀរ និងសុំទូអា ហើយត្រូវមានទឹកវូឌុ (ជ្រះស្អាតពីហាដាសតូច) និងជ្រះស្អាតពីហាដាសធំ (ងូតទឹកជូណុបរួច)។
ពេលសាអ៊ីរួចរាល់ ត្រូវកាត់ ឬកោរសក់។
- ការកោរសក់ (សម្រាប់បុរស) គឺប្រសើរជាងការកាត់។
- ស្ត្រី៖ ត្រូវកាត់សក់ប្រវែងប្រហែលមួយថ្នាំងដៃពីចុងសក់របស់នាង។
អំពី អាប់ទុលឡោះ ប៊ិន អ៊ូមើរ រ៉ឌីយ៉ល់ឡាហូអាន់ហ៊ូម៉ា ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានបួងសួងថា៖ "ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអាណិតស្រឡាញ់ចំពោះអ្នកដែលកោរសក់"។ ពួកគេបានសួរថា៖ "ចុះចំពោះអ្នកដែលកាត់សក់វិញ ឱរ៉ស៊ូលុលឡោះ?" លោកបានឆ្លើយថា៖ "ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអាណិតស្រឡាញ់ចំពោះអ្នកដែលកោរសក់"។ ពួកគេបានសួរទៀតថា៖ "ចុះចំពោះអ្នកដែលកាត់សក់វិញ ឱរ៉ស៊ូលុលឡោះ?" លោកបានឆ្លើយថា៖ "ហើយនិងអ្នកដែលកាត់សក់ (ក៏សូមទ្រង់អាណិតស្រឡាញ់ពួកគេដូចគ្នា)"។
នៅពេលកោរ ឬកាត់សក់រួចរាល់ ការធ្វើអ៊ុមរ៉ោះគឺបានចប់សព្វគ្រប់។ រាល់អ្វីៗដែលត្រូវបានហាមឃាត់ដោយសារតំណមអៀហរ៉ម គឺត្រូវបានអនុញ្ញាតឲ្យធ្វើវិញបានហើយ។