មេរៀន៖ ប្រការដែលនាំឲ្យខូចបួស
តើមានអ្វីខ្លះដែលអ្នកតមបួសត្រូវតែប្រុងប្រយ័ត្ន? មេរៀននេះនឹងបកស្រាយយ៉ាងលម្អិតអំពីប្រការទាំងឡាយដែលអាចធ្វើឲ្យការតមបួសរបស់អ្នកត្រូវខូចខាត (ដាច់បួស)។
៦ ប្រការសំខាន់ៗដែលធ្វើឲ្យខូចបួស
ការបរិភោគ និងផឹក គឺជាប្រការចម្បងដែលធ្វើឱ្យបួសត្រូវខូច។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
“ហើយចូរពួកអ្នកបរិភោគនិងផឹក រហូតទាល់តែផ្ទៃមេឃមានពន្លឺពណ៌សចេញពីផ្ទៃមេឃពណ៌ខ្មៅងងឹតនៅពេលទៀបភ្លឺ។ បន្ទាប់មក ចូរពួកអ្នកបន្ដការបួសរហូតដល់ពេលយប់។”
ករណីលើកលែង៖
ប្រសិនបើជនណាបានបរិភោគ ឬផឹកដោយភ្លេចភ្លាំង ការបួសរបស់គេនៅតែត្រឹមត្រូវ ហើយគ្មានបាបកម្មឡើយ។
“ជនណាហើយបានភ្លេចខណៈដែលរូបគេជាអ្នកដែលបួស ហើយគេបានបរិភោគ ឬផឹកនោះ ចូរឲ្យគេបន្តការបួសរបស់គេចុះ។ តាមពិត អល់ឡោះជាម្ចាស់ទ្រង់ផ្ដល់អាហារ និងទឹកផឹកដល់រូបគេ។”
ទង្វើមួយចំនួនទោះបីមិនមែនជាការញ៉ាំតាមមាត់ដោយផ្ទាល់ ក៏ប៉ុន្តែវាមានអត្ថន័យដូចគ្នាដែរ ព្រោះវាផ្តល់សារធាតុចិញ្ចឹមដល់រាងកាយ។ ក្នុងនោះរួមមាន៖
- ការចាក់សេរ៉ូម ឬថ្នាំបំប៉ន៖ ការប្រើវិធីណាមួយដែលផ្តល់ថាមពល និងសារធាតុចិញ្ចឹមដល់រាងកាយ ជំនួសការបរិភោគ។
- ការបញ្ចូលឈាម៖ ឈាមគឺជាសារធាតុចិញ្ចឹមដ៏ចម្បងសម្រាប់សារពាង្គកាយ ដូច្នេះវាស្ថិតក្នុងច្បាប់ដូចការបរិភោគដែរ។
- ការជក់បារីគ្រប់ប្រភេទ៖ ផ្សែងបារីចូលទៅក្នុងរាងកាយ ហើយត្រូវបានចាត់ទុកប្រៀបដូចជាការទទួលទានដែរ។
ការរួមភេទនៅពេលថ្ងៃនៃខែរ៉ម៉ាឌន ធ្វើឲ្យខូចបួស ទោះបីជាចេញទឹកកាម ឬមិនចេញក៏ដោយ។
ការធ្វើឱ្យចេញទឹកកាមដោយខ្លួនឯង (សម្រេចកាម) ឬតាមរយៈការស្ទាបអង្អែលដោយចេតនា នឹងធ្វើឲ្យខូចបួស។
ចំណុចគួរយល់ដឹង៖
- ការយល់សប្តិសើម (Wet Dream)៖ វាមិនធ្វើឱ្យខូចបួសទេ ព្រោះវាកើតឡើងដោយអចេតនា។
- ការថើបភរិយា៖ អនុញ្ញាតឲ្យធ្វើបាន ប្រសិនបើបុគ្គលនោះអាចគ្រប់គ្រង និងទប់អារម្មណ៍ខ្លួនឯងបាន។ ប៉ុន្តែបើខ្លាចថាមិនអាចទប់អារម្មណ៍បាន គួរតែចៀសវាង ដើម្បីការពារការបួសរបស់ខ្លួន។
ការក្អួតដោយចេតនា (ដូចជាការលូកដៃក្នុងបំពង់ក) ធ្វើឲ្យខូចបួស។ រីឯអ្នកដែលក្អួតដោយអចេតនា (ដូចជាឈឺ ឬមានផ្ទៃពោះ) បួសរបស់គេនៅតែត្រឹមត្រូវ។
“ជនណាដែលក្អួតដោយអចេតនា គឺមិនតម្រូវឲ្យគេបួសសងឡើយ។ តែជនណាដែលក្អួតដោយចេតនា ចូរឲ្យគេបួសសងឡើងវិញ។”
នៅពេលដែលស្ត្រីមានឈាមរដូវ ឬឈាមក្រោយឆ្លងទន្លេ (នីហ្វាស) ធ្លាក់មកនៅពេលថ្ងៃ ការបួសរបស់នាងនឹងត្រូវខូចភ្លាមៗ។ នាងត្រូវតែឈប់បួស ហើយត្រូវបួសសងវិញនៅពេលក្រោយ។
“តើពុំមែនទេឬ នៅពេលដែលនាងមករដូវ នាងមិនត្រូវសឡាត និងមិនត្រូវបួសនោះ។”
ចំណាំ៖
ឈាមដែលចេញមកដោយសារជំងឺ (មិនមែនជាឈាមរដូវ ឬឈាមនីហ្វាស) គឺមិនធ្វើឲ្យខូចបួសនោះទេ ហើយស្ត្រីអាចបន្តការបួសរបស់នាងបាន។