មេរៀន៖ ស៊ូរ៉ោះ អាល់ហ្វាទីហះ
ស្វែងយល់ពីអត្ថន័យនៃស៊ូរ៉ោះដំបូង និងសំខាន់បំផុតនៅក្នុងគម្ពីរគូរអាន
ហេតុអ្វីស៊ូរ៉ោះនេះសំខាន់?
ការសូត្រស៊ូរ៉ោះអាល់ហ្វាទីហះ គឺជាគោលគ្រឹះ (រូកុន) ដ៏សំខាន់បំផុតមួយនៃការសឡាត។ បើគ្មានការសូត្រស៊ូរ៉ោះនេះទេ សឡាតរបស់បុគ្គលម្នាក់នឹងមិនត្រឹមត្រូវឡើយ។
នៅក្នុងមេរៀននេះ យើងនឹងសិក្សាពីអត្ថន័យនៃអាយ៉ាត់នីមួយៗក្នុងស៊ូរ៉ោះដ៏អស្ចារ្យនេះ។
الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ
"រាល់ការសរសើរ គឺចំពោះអល់ឡោះជាព្រះជាម្ចាស់គ្រប់គ្រងពិភពទាំងអស់"
ការពន្យល់៖ ខ្ញុំសូមថ្លែងនូវការកោតសរសើរទៅចំពោះអល់ឡោះជាម្ចាស់ចំពោះរាល់លក្ខណៈសម្បត្តិ ទង្វើ និងឧបការគុណ(នៀកម៉ាត់)ទាំងឡាយរបស់ទ្រង់ ជាមួយនឹងក្តីស្រលាញ់ និងលើកតម្កើង។ ពាក្យថា "ព្រះជាម្ចាស់" គឺសំដៅលើអ្នកដែលបង្កើត គ្រប់គ្រង ចាត់ចែង និងប្រោសប្រទាន។ ពាក្យថា "ពិភពទាំងអស់" គឺសំដៅលើអ្វីៗទាំងអស់ក្រៅពីអល់ឡោះ ដូចជា ពិភពមនុស្ស, ជិន, ម៉ាឡាអ៊ីកាត់ និងសត្វធាតុផ្សេងៗទៀត។
الرَّحْمَٰنِ الرَّحِيمِ
"ជាម្ចាស់មហាសប្បុរស មហាអាណិតស្រឡាញ់"
ការពន្យល់៖ ជាព្រះនាមពីររបស់អល់ឡោះ គឺ (الرحمن) សំដៅលើសេចក្តីមេត្តាករុណារបស់ទ្រង់ដែលមានទូទៅចំពោះអ្វីៗទាំងអស់។ ចំណែកឯ (الرحيم) គឺសំដៅលើសេចក្តីមេត្តាករុណាពិសេសរបស់ទ្រង់ចំពោះតែខ្ញុំបម្រើដែលមានជំនឿប៉ុណ្ណោះ។
مَالِكِ يَوْمِ الدِّينِ
"ជាសេ្ដច(គ្រប់គ្រង)នៃថ្ងៃជំនុំជម្រះ(ថ្ងៃបរលោក)"
ការពន្យល់៖ ទ្រង់គឺជាស្ដេចតែមួយគត់ដែលគ្រប់គ្រងចាត់ចែងនៅថ្ងៃតបស្នង និងជំនុំជម្រះ។ អាយ៉ាត់នេះរំលឹកដល់ជនមូស្លីមអំពីថ្ងៃបរលោក ដើម្បីជំរុញឲ្យពួកគេប្រឹងប្រែងសាងទង្វើកុសល។
إِيَّاكَ نَعْبُدُ وَإِيَّاكَ نَسْتَعِينُ
"ចំពោះទ្រង់តែមួយគត់ដែលពួកយើងគោរពសក្ការៈ ហើយចំពោះទ្រង់តែមួយគត់ដែលពួកយើងសុំឲ្យជួយ"
ការពន្យល់៖ ពួកយើងគោរពសក្ការៈ និងសុំជំនួយពីទ្រង់តែមួយអង្គគត់ចំពោះរាល់កិច្ចការទាំងឡាយ ដោយមិនធ្វើស្ហ៊ីរិក(ពហុទេពនិយម)ឡើយ។ ពិតណាស់ រាល់កិច្ចការទាំងអស់ស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ទ្រង់។
اهْدِنَا الصِّرَاطَ الْمُسْتَقِيمَ
"សូមទ្រង់មេត្ដាចង្អុលបង្ហាញដល់ពួកយើងនូវមាគ៌ាដ៏ត្រឹមត្រូវផងចុះ"
ការពន្យល់៖ សូមទ្រង់មេត្តាចង្អុលបង្ហាញ និងជួយពួកយើងអោយស្ថិតស្ថេរនៅលើមាគ៌ាដ៏ត្រឹមត្រូវ។ មាគ៌ានោះគឺសាសនាឥស្លាម ដែលនាំទៅរកការពេញចិត្តពីអល់ឡោះ និងឋានសួគ៌របស់ទ្រង់ តាមការចង្អុលបង្ហាញរបស់ព្យាការីមូហាំម៉ាត់ ﷺ។
صِرَاطَ الَّذِينَ أَنْعَمْتَ عَلَيْهِمْ غَيْرِ الْمَغْضُوبِ عَلَيْهِمْ وَلَا الضَّالِّينَ
"គឺមាគ៌ារបស់បណ្ដាអ្នកដែលទ្រង់បានប្រទានឧបការគុណដល់ពួកគេ ពុំមែនជា(មាគ៌ា)អ្នកដែលត្រូវគេខឹងសម្បា និងពុំមែនជា(មាគ៌ា)ពួកដែលវងេ្វងឡើយ"
ការពន្យល់៖ មាគ៌ានោះគឺមាគ៌ារបស់បណ្តាព្យាការី និងកុសលបុគ្គល ដែលបានដឹង និងអនុវត្តតាមសេចក្តីពិត។ សូមទ្រង់បញ្ចៀសពួកយើងអោយឆ្ងាយពីមាគ៌ារបស់ពួកដែលដឹងសេចក្តីពិតតែមិនអនុវត្ត (ពួកដែលត្រូវគេខឹងសម្បា) និងពួកដែលមិនបានទទួលការចង្អុលបង្ហាញដោយសារភាពល្ងង់ខ្លៅ (ពួកដែលវង្វេង)។
ស្តាប់ការសូត្រស៊ូរ៉ោះ អាល់ហ្វាទីហះ
សូមចុចប៊ូតុងខាងក្រោមដើម្បីស្តាប់ការសូត្រដ៏ពីរោះនៃស៊ូរ៉ោះនេះ។
ចុចស្តាប់នៅទីនេះ