បន្ដបេសកកម្មនេះជាមួយយើង ដោយគ្រាន់ ស្កេនរូបខាងលើ ឬចូលរួមយោបល់របស់អ្នកតាមរយៈ

សឡាតជុមអាត់

មេរៀន៖ សឡាតជុមអាត់

មេរៀន៖ សឡាតជុមអាត់

សឡាតជុមអាត់ (សឡាតថ្ងៃសុក្រ) គឺជាសឡាតដ៏សំខាន់មួយដែលជាកាតព្វកិច្ចលើជនមូស្លីម។ នៅក្នុងមេរៀននេះ អ្នកនឹងឈ្វេងយល់ពីឧត្តមភាព និងក្បួនច្បាប់របស់វា។

គោលបំណងមេរៀន

ក្រោយបញ្ចប់មេរៀននេះ អ្នកនឹងអាច៖

  • ✓ ដឹងពីឧត្តមភាពនៃការសឡាតជុមអាត់
  • ✓ ដឹងពីរបៀប និងក្បួនច្បាប់នៃការសឡាតជុមអាត់
  • ✓ ដឹងថាតើអ្នកណាខ្លះដែលត្រូវបានអនុញ្ញាតមិនចាំបាច់ចូលរួមសឡាតជុមអាត់

អល់ឡោះជាម្ចាស់ទ្រង់បានដាក់កាតព្វកិច្ចនៅថ្ងៃជុមអាត់(ថ្ងៃសុក្រ) ក្នុងពេលវេលាសឡាតហ្ស៊ូហូរ នូវសឡាតមួយដែលជានិមិត្តសញ្ញាដ៏ធំបំផុតមួយរបស់សាសនាឥស្លាម។ ក្នុងថ្ងៃនេះ អ្នកមូស្លីមប្រមូលផ្ដុំគ្នាម្ដងក្នុងមួយសប្ដាហ៍ ដើម្បីស្ដាប់ការណែនាំ (ឃុតហ្ពះ) ពីអ៊ីម៉ាំ រួចប្រតិបត្តិសឡាតជុំគ្នា។

ការប្រមូលផ្ដុំសឡាតជុមអាត់
ការប្រមូលផ្ដុំគ្នានៅក្នុងម៉ាស្ជិត

ថ្ងៃជុមអាត់(ថ្ងៃសុក្រ) គឺជាថ្ងៃដ៏វិសេសវិសាលជាងគេបំផុតក្នុងសប្ដាហ៍ ដែលអល់ឡោះបានផ្ដល់នូវឧត្តមភាពជាច្រើន ក្នុងនោះមាន៖

  1. ជាថ្ងៃពិសេសសម្រាប់ប្រជាជាតិមូហាំម៉ាត់ ﷺ៖ ព្យាការី ﷺ បានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់បានធ្វើឲ្យវង្វេងអំពីថ្ងៃជុមអាត់ចំពោះអ្នកជំនាន់មុនពួកយើង... នៅពេលដែលអល់ឡោះបាននាំពួកយើងមកដល់ ទ្រង់បានចង្អុលបង្ហាញយើងចំពោះនូវថ្ងៃសុក្រ(ជាថ្ងៃជុមអាត់)”។ (មូស្លីម៖៨៥៦)

  2. ជាថ្ងៃដែលព្យាការីអាហ្ទាំត្រូវបានបង្កើត និងជាថ្ងៃដែលថ្ងៃបរលោកកើតឡើង៖ ព្យាការី ﷺ បានមានប្រសាសន៍ថា៖ “ថ្ងៃដែលល្អបំផុតដែលព្រះអាទិត្យរះឡើង គឺថ្ងៃជុមអាត់។ នៅក្នុងថ្ងៃនេះ គេបានបង្កើតព្យាការីអាហ្ទាំ... ហើយថ្ងៃបរលោកក៏មិនកើតឡើងដែរ លើកលែងតែក្នុងថ្ងៃជុមអាត់”។ (មូស្លីម៖៨៥៤)

តើអ្នកណាខ្លះជាប់កាតព្វកិច្ចសឡាតជុមអាត់?

សឡាតជុមអាត់ជាកាតព្វកិច្ចលើ៖

  • បុរស៖ មិនមែនជាកាតព្វកិច្ចលើស្រ្ដីទេ។
  • អ្នកគ្រប់អាយុ និងមានសតិល្អ៖ មិនមែនជាកាតព្វកិច្ចលើក្មេងតូច ឬអ្នកវិកលចរិតទេ។
  • អ្នកមិនធ្វើដំណើរ (អ្នកនៅក្នុងតំបន់)៖ មិនមែនជាកាតព្វកិច្ចលើអ្នកដំណើរ ឬអ្នករស់នៅតំបន់ដាច់ស្រយាលទេ។

ការត្រៀមខ្លួន និងរបៀបប្រតិបត្តិ

ការត្រៀមខ្លួន៖ ជាស៊ូណិត (ការអនុវត្តតាមព្យាការី) គប្បីងូតទឹក ស្លៀកសម្លៀកបំពាក់ស្អាតល្អ ប្រើគ្រឿងក្រអូប និងរួសរាន់ទៅកាន់ម៉ាស្ជិត។

ឃុតហ្ពះ (សន្ទរកថា)៖ អ៊ីម៉ាំនឹងឡើងលើមិមពើរ (វេទិកា) ដើម្បីថ្លែងសន្ទរកថាពីរផ្នែក ដើម្បីជាការដាស់តឿន និងណែនាំ។ អ្នកចូលរួមទាំងអស់ត្រូវតាំងចិត្តស្ដាប់ដោយស្ងៀមស្ងាត់។

ការសឡាត៖ បន្ទាប់ពីឃុតហ្ពះ អ៊ីម៉ាំនឹងដឹកនាំសឡាតចំនួន ពីររ៉ក្អាត់ ដោយសូត្រឮៗ។

គ្រឿងក្រអូប
ការប្រើគ្រឿងក្រអូបមុនទៅសឡាត
អ៊ីម៉ាំថ្លែងឃុតហ្ពះ
អ៊ីម៉ាំថ្លែងឃុតហ្ពះលើមិមពើរ

កាតព្វកិច្ចត្រូវចូលរួមសឡាតជុមអាត់

ឥស្លាមបានសង្កត់ធ្ងន់យ៉ាងខ្លាំងលើការចូលរួមសឡាតជុមអាត់។ អល់ឡោះមានបន្ទូលថា៖

“ឱបណ្ដាអ្នកដែលមានជំនឿ! នៅពេលមានគេអំពាវនាវពួកអ្នកឲ្យទៅសឡាតនៅថ្ងៃជុមអាត់(ថ្ងៃសុក្រ) ចូរពួកអ្នករួសរាន់ទៅរកការរំលឹកចំពោះអល់ឡោះ ហើយចូរពួកអ្នកបោះបង់ចោលនូវការលក់ដូរ។ នោះគឺជាការប្រសើរបំផុតសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកបានដឹង”។

គម្ពីរគួរអាន ជំពូក អាល់ជូមូអះ, អាយ៉ាត់ទី ៩
មូលហេតុស្របច្បាប់ដែលអនុញ្ញាតឲ្យមិនចូលរួម

គឺជារាល់ឧបសគ្គដែលបង្កផលលំបាកធ្ងន់ធ្ងរ ឬគ្រោះថ្នាក់ដល់អាយុជីវិត និងសុខភាព។ ការជាប់រវល់នឹងការងារធម្មតាមិនមែនជាមូលហេតុស្របច្បាប់ឡើយ លើកលែងតែក្នុងករណីចាំបាច់បំផុតដូចជា៖

  • គ្រូពេទ្យសង្គ្រោះបន្ទាន់ ដែលមិនអាចចាកចេញពីអ្នកជំងឺបាន។
  • កងកម្លាំងការពារសន្តិសុខ ដែលកំពុងបំពេញភារកិច្ច។
  • បុគ្គលិកត្រួតពិនិត្យរោងចក្រ ដែលមិនអាចបញ្ឈប់បាន។
  • ករណីដែលការងារនោះជាប្រភពចំណូលតែមួយគត់ ហើយការចាកចេញនឹងធ្វើឲ្យខ្វះខាតតម្រូវការចាំបាច់ (ម្ហូបអាហារ) សម្រាប់ខ្លួនឯងនិងគ្រួសារ។ ក្នុងករណីនេះ ត្រូវព្យាយាមរកការងារផ្សេងទៀត។
អ្នកជំងឺ
ការមានជំងឺ ឬឧបសគ្គធ្ងន់ធ្ងរ ជាមូលហេតុស្របច្បាប់

  • អ្នកដែលខកខានសឡាតជុមអាត់៖ ប្រសិនបើអ្នកខកខាន ឬមានមូលហេតុស្របច្បាប់មិនអាចចូលរួមបាន គឺត្រូវសឡាត ហ្ស៊ូហូរ (៤ រ៉ក្អាត់) ជំនួសវិញ។
  • អ្នកដែលមកយឺតយ៉ាវ៖ ប្រសិនបើអ្នកមកទាន់អ៊ីម៉ាំតិចជាងមួយរ៉ក្អាត់ (ឧ. មកដល់ពេលអ៊ីម៉ាំកំពុងនៅអាត់តាហៀតចុងក្រោយ) អ្នកត្រូវបំពេញសឡាត ហ្ស៊ូហូរ (៤ រ៉ក្អាត់) វិញ។
  • អ្នកដែលមិនជាប់កាតព្វកិច្ច (ស្ត្រី, អ្នកដំណើរ)៖ ប្រសិនបើពួកគេចូលរួមសឡាតជុមអាត់ជាមួយអ្នកដទៃ ការសឡាតរបស់ពួកគេគឺត្រឹមត្រូវ ហើយមិនចាំបាច់សឡាតហ្ស៊ូហូរម្ដងទៀតទេ។
ការបង្ហោះពាក់ព័ន្ធ :

Post a Comment