មេរៀន៖ អ្នកដែលអល់ឡោះអនុគ្រោះឲ្យផ្អាកបួស
អល់ឡោះជាម្ចាស់ទ្រង់បានអនុគ្រោះដល់ប្រភេទមនុស្សមួយចំនួនឲ្យផ្អាកបួសនៅក្នុងខែរ៉ម៉ាហ្ទន ដើម្បីជាការសម្រាល និងបន្ធូរបន្ថយ ព្រមទាំងជាក្តីមេត្តាករុណាដល់ពួកគេ។
១. អ្នកជំងឺ
អ្នកជំងឺដែលការបួសអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព គឺត្រូវបានអនុញ្ញាតឱ្យផ្អាកបួស។ ពួកគេត្រូវបួសសងវិញបន្ទាប់ពីជាសះស្បើយ។
២. អ្នកអសមត្ថភាពបួស
អ្នកចាស់ជរា ឬអ្នកមានជំងឺរ៉ាំរ៉ៃដែលគ្មានសង្ឃឹមជា អាចផ្អាកបួសបាន។ ពួកគេត្រូវផ្តល់អាហារ (ហ្វីឌីយ៉ះ) ដល់ជនក្រីក្រម្នាក់រៀងរាល់ថ្ងៃដែលពួកគេមិនបានបួស។
៣. ស្ត្រីមានរដូវ និងឆ្លងទន្លេ
ស្ត្រីដែលមានរដូវ ឬឈាមក្រោយឆ្លងទន្លេ (នីហ្វាស) មិនត្រូវបានអនុញ្ញាតឱ្យបួសឡើយ ហើយការបួសរបស់នាងក៏មិនត្រឹមត្រូវដែរ។ នាងត្រូវតែបួសសងវិញនៅពេលក្រោយ។
៤. ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន
ប្រសិនបើពួកនាងព្រួយបារម្ភពីសុខភាពខ្លួនឯង ឬកូន គឺអាចផ្អាកបួសបាន ហើយត្រូវបួសសងវិញ។
ភស្តុតាង៖ រ៉ស៊ូលុលឡោះ ﷺ បានមានប្រសាសន៍ថា៖ «...ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានលើកលែង...ចំពោះអ្នកដំណើរ ស្ត្រីបំបៅកូន និងស្រ្តីមានផ្ទៃពោះអាចផ្អាកបួសបាន»។ (អ៊ិពនូម៉ាហ្ជះ៖ ១៦៦៧)
៥. អ្នកធ្វើដំណើរ
អ្នកដែលកំពុងធ្វើដំណើរ (មូសាហ្វីរ) ត្រូវបានអនុញ្ញាតឱ្យផ្អាកបួស ហើយត្រូវបួសសងតាមចំនួនថ្ងៃដែលបានផ្អាកវិញ បន្ទាប់ពីចប់ខែរ៉ម៉ាហ្ទន។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ «ជនណាដែលមានជំងឺ ឬធ្វើដំណើរ(អាចផ្អាកបួសបាន) តែត្រូវបួសសងវិញនៅថ្ងៃផេ្សង(តាមចំនួនថ្ងៃដែលបានផ្អាកនោះ)។ អល់ឡោះចង់ឲ្យពួកអ្នកងាយស្រួល ហើយអល់ឡោះមិនចង់ឲ្យពួកអ្នកលំបាកនោះទេ»។
ចុះបើផ្អាកបួសដោយគ្មានមូលហេតុ?
ចុះចំពោះអ្នកដែលផ្អាកបួសក្នុងខែរ៉ម៉ាហ្ទនដោយគ្មានហេតុផលដែលត្រូវបានអនុគ្រោះវិញ?
កំហុសដ៏ធ្ងន់ធ្ងរ
អ្នកដែលចេតនាផ្អាកបួសដោយគ្មានមូលហេតុត្រឹមត្រូវ គឺបានប្រព្រឹត្តបាបកម្មដ៏ធំមួយ។ ចាំបាច់លើបុគ្គលនោះត្រូវ៖
- សារភាពកំហុស (តាវបាត់)៖ សុំអភ័យទោសពីអល់ឡោះដោយស្មោះអស់ពីចិត្ត។
- បួសសងវិញ៖ ត្រូវបួសសងសម្រាប់ថ្ងៃដែលខ្លួនបានផ្អាកនោះ។
ករណីពិសេស៖ ការផ្តាច់បួសដោយការរួមភេទ
ចំពោះអ្នកដែលផ្តាច់បួសដោយសារការរួមភេទ គឺត្រូវទទួលការពិន័យ (កាហ្វហ្វារ៉ោះ) បន្ថែមពីលើការសារភាពកំហុស និងបួសសងមួយថ្ងៃនោះ។ ការពិន័យនោះគឺត្រូវធ្វើតាមលំដាប់លំដោយ៖
- ដោះលែងទាសករម្នាក់។
- បើគ្មានលទ្ធភាព ត្រូវបួសរយៈពេល ២ខែជាប់ៗគ្នា។
- បើនៅតែគ្មានលទ្ធភាពទៀត ត្រូវផ្តល់អាហារដល់ជនក្រីក្រចំនួន ៦០នាក់។