បន្ដបេសកកម្មនេះជាមួយយើង ដោយគ្រាន់ ស្កេនរូបខាងលើ ឬចូលរួមយោបល់របស់អ្នកតាមរយៈ

ងូតទឹក និងរុំសព

មេរៀន ងូតទឹក និងរុំសព

មេរៀន៖ ការរៀបចំសព (ងូតទឹក និងរុំសព)

ច្បាប់បញ្ញត្តិឥស្លាមបានផ្តល់តម្លៃដល់ជនមូស្លីមក្រោយពីគេបានស្លាប់ ដូចដែលបានផ្តល់តម្លៃដល់រូបគេក្នុងពេលដែលគេនៅមានជីវិតដូច្នោះដែរ។ នៅក្នុងមេរៀននេះ អ្នកនឹងបានសិក្សាអំពីក្បួនច្បាប់សំខាន់ៗ ទាក់់ទងនឹងការងូតទឹកឲ្យសព និងរុំសព។

អ្វីដែលអ្នកនឹងបានសិក្សា៖

  • ដឹងអំពីប្រការស៊ូណិតដែលត្រូវធ្វើនៅពេលមានអ្នកឥស្លាមស្លាប់។
  • ដឹងពីរបៀបងូតទឹកសពឲ្យបានត្រឹមត្រូវ។
  • ដឹងអំពីក្បួនច្បាប់មួយចំនួនទាក់ទងនឹងការរុំសព (កាហ្វាន់)។

ប្រការស៊ូណិតពេលជនមូស្លីមស្លាប់

នៅពេលដែលព្រលឹងបានចាកចេញពីរូបកាយហើយនោះ គេស៊ូណិត (អនុវត្តតាមការណែនាំរបស់ព្យាការី) នូវប្រការមួយចំនួនដូចខាងក្រោម៖

១. បំបិទភ្នែកសពដោយថ្នមៗ

ដើម្បីជាការផ្តល់តម្លៃដល់សព។

បំបិទភ្នែកសព

នៅពេលដែលព្យាការី (សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ) លោកបានចូលទៅកាន់ អាពូសាឡាម៉ះ ក្នុងពេលដែលគាត់ស្លាប់ ហើយភ្នែករបស់គាត់នៅបើក លោកក៏បានបំបិទភ្នែករបស់គាត់ ហើយលោកបានមានប្រសាសន៍ថា៖ "នៅពេលដែលពួកអ្នកចូលរួមមរណទុក្ខអ្នកស្លាប់នៃពួកអ្នក ចូរពួកអ្នកបំបិទភ្នែកសព"។

(អ៊ិពនូម៉ាហ្ជះ៖១៤៥៥)
២. អត់ធ្មត់ និងទប់អារម្មណ៍

មិនត្រូវតម្លើងសំឡេងខ្លាំងៗដោយការយំ និងទួញសោកឡើយ។ ក្រុមគ្រួសារ និងសាច់ញាតិសពត្រូវមានការអត់ធ្មត់។

ព្យាការី នៅពេលដែលចៅម្នាក់របស់លោកបានស្លាប់ លោកបានប្រើកូនស្រីរបស់លោកឲ្យមានភាពអត់ធ្មត់ និងរំពឹងផលបុណ្យ (ពីអល់ឡោះ)។

(ពូខរី៖១២៨៤, មូស្លីម៖៩២៣)
៣. បួងសួងឲ្យសព និងគ្រួសារសព

បួងសួងឲ្យសពទទួលបាននូវក្តីមេត្តាករុណានិងការអភ័យទោស ហើយបួងសួងឲ្យគ្រួសារសពមានភាពអត់ធ្មត់និងស្រាកស្រាន្តពីទុក្ខ។

ការបួងសួង

ដូចដែលព្យាការី លោកបានធ្វើចំពោះសពអាពូសាឡាម៉ះ។ លោកបានមានប្រសាសន៍ថា៖ "ពិតណាស់ ក្រោយពេលគេដកហូតយកជីវិត ភ្នែកនៅសំឡឹងមើលទៅព្រលឹង"។ បន្ទាប់មក លោកបានបួងសួងថា៖ "ឱអល់ឡោះជាម្ចាស់! សូមអភ័យទោសឲ្យអាពូសាឡាលាម៉ះ សូមលើកតម្កើងឋានៈរបស់គាត់... សូមទ្រង់ផ្ដល់ភាពទូលាយ និងពន្លឺដល់គាត់នៅក្នុងផ្នូររបស់គាត់ផង"។

(មូស្លីម៖៩២០)
៤. រួសរាន់ក្នុងការរៀបចំសព

ត្រូវរួសរាន់ក្នុងការងូតទឹកឲ្យសព សឡាតលើសព និងបញ្ចុះសព។

រ៉ស៊ូលុលឡោះ បានមានប្រសាសន៍ថា៖ "ចូរពួកអ្នកដើរឲ្យលឿនពេលហែរសពទៅបញ្ចុះ។ ប្រសិនបើសពនោះល្អ គឺជាការល្អដែលពួកអ្នកនាំគាត់ឲ្យទៅជួបប្រការល្អនោះ..."។

(ពូខរី៖១៣១៥, មូស្លីម៖៩៤៤)
៥. ជួយដល់ក្រុមគ្រួសារសព

ត្រូវជួយគ្រួសារសពសម្រាលនូវបន្ទុកមួយចំនួនរបស់ពួកគេ ដូចជាការរៀបចំម្ហូបអាហារ។

ព្យាការី លោកបានបង្គាប់ប្រើឲ្យគេធ្វើម្ហូបអាហារជូនដល់ក្រុមគ្រួសារ ហ្ជាក់ហ្វើរ ពិន អាពូតឡឹប នៅពេលដែលគាត់ត្រូវបានគេសម្លាប់... លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នករៀបចំម្ហូបអាហារសម្រាប់គ្រួសាររបស់ហ្ជាក់ហ្វើរ។ ការពិត ពួកគេកំពុងតែជួបប្រទះនូវទុក្ខព្រួយដែលកំពុងតែរំខានដល់ពួកគេ”។

ការងូតទឹកសព

ការងូតទឹកឲ្យសព គឺចាំបាច់មុននឹងធ្វើការរុំសព និងបញ្ចុះសព។ អ្នកដែលងូតទឹកសព អាចជានរណាម្នាក់ក្នុងចំណោមគ្រួសារសព សាច់ញាតិ ឬអ្នកមូស្លីមដទៃទៀត។ សូម្បីតែព្យាការី ក៏ត្រូវបានគេងូតទឹកឲ្យដែរនៅពេលលោកទទួលមរណភាព។

ការងូតទឹកសព

របៀបងូតទឹកសព

ការចាក់ទឹកលើខ្លួនប្រាណសពទាំងមូល និងលាងសម្អាតភាពកខ្វក់ (ប្រសិនបើមាន) ព្រមទាំងបិទបាំងរាងកាយសពពេលងូត គឺគ្រប់គ្រាន់ហើយ។ ប៉ុន្តែ គេស៊ូណិតឲ្យពិនិត្យមើលលើកិច្ចការមួយចំនួនដូចខាងក្រោម៖

របៀបងូតទឹកសព
  1. បិទបាំងរាងកាយសព៖ ចន្លោះរវាងផ្ចិត និងក្បាលជង្គង់ ក្រោយដោះសម្លៀកបំពាក់ចេញ។
  2. ពាក់ស្រោមដៃ/ក្រណាត់៖ ពេលលាងសម្អាតកន្លែងកេរខ្មាសរបស់សព។
  3. ចាប់ផ្តើមដោយលាងកន្លែងកខ្វក់៖ សម្អាតភាពកខ្វក់ ស្មោកគ្រោកចេញពីសពជាមុន។
  4. យកទឹកវូហ្ទុឲ្យសព៖ លាងអវយវៈដែលត្រូវយកវូហ្ទុតាមលំដាប់លំដោយ។
  5. លាងក្បាល និងខ្លួនប្រាណ៖ គេស៊ូណិតឲ្យងូតទឹកសពនឹងទឹកដែលលាយនឹងស្លឹកពុទ្រា ឬសាប៊ូ រួចលាងទឹកចេញ។
  6. ចាប់ផ្តើមពីផ្នែកខាងស្តាំ៖ ស៊ូណិតងូតទឹកឲ្យសពផ្នែកខាងស្តាំមុន បន្ទាប់មកផ្នែកខាងឆ្វេង។
  7. ចំនួនដងនៃការងូត៖ ស៊ូណិតងូតទឹកឲ្យសពចំនួនបីដង ឬច្រើនជាងនេះ ប្រសិនបើកាលៈទេសៈតម្រូវ។

    រ៉ស៊ូលុលឡោះ បានមានប្រសាសន៍ទៅកាន់ស្ត្រីដែលងូតទឹកសពកូនស្រីលោក ហ្សៃណប់ រ៉ទីយ៉ល់ឡហ៊ូអាន់ហា ថា៖ "ចូរពួកអ្នកងូតទឹកឲ្យនាងចំនួនបីដង ឬប្រាំដង ឬច្រើនជាងនេះ ប្រសិនបើពួកនាងយល់ឃើញថាត្រូវធ្វើដូច្នោះ"។

    (ពូខរី៖១២៥៣, មូស្លីម៖៩៣៩)
  8. ដាក់ក្រណាត់/សំឡី៖ នៅត្រង់ទ្វារមុខ ទ្វារក្រោយ ត្រចៀក ច្រមុះ និងមាត់ ដើម្បីកុំឲ្យមានអ្វីកខ្វក់ (ណាជិស) ឬឈាមចេញមក។
  9. ប្រើគ្រឿងក្រអូប៖ ស៊ូណិតប្រើគ្រឿងក្រអូបចំពោះសព ទាំងក្នុងពេលងូតទឹក និងក្រោយពេលងូតទឹករួច។ គ្រឿងក្រអូបសម្រាប់សព

    រ៉ស៊ូលុលឡោះ បានបង្គាប់អ្នកងូតទឹកឲ្យសពកូនស្រីលោក ហ្សៃណប់ ឲ្យដាក់កាហ្វូ (ប្រភេទគ្រឿងក្រអូប) ក្នុងទឹកចុងក្រោយ។

    (ពូខរី៖១២៥៣, មូស្លីម៖៩៣៩)

តើអ្នកណាដែលត្រូវងូតទឹកឲ្យសព?

ការរុំសព (កាហ្វាន់)

ការរុំសពដោយបិទបាំងរាងកាយទាំងមូល គឺជាសិទ្ធិដែលសពត្រូវទទួលបានពីក្រុមគ្រួសារ និងមូស្លីមទាំងអស់គ្នា។ ការរុំសពគឺជា ហ្វើរទូគីហ្វាយ៉ះ (កាតព្វកិច្ចរួម)។

ព្យាការី បានមានប្រសាសន៍ថា៖ “ចូរពួកអ្នកស្លៀកនូវសម្លៀកបំពាក់ពណ៌ស ព្រោះវាជាសម្លៀកបំពាក់ដ៏ល្អបំផុតសម្រាប់ពួកអ្នក ហើយចូរយកវាសម្រាប់រុំសពអ្នកស្លាប់នៃពួកអ្នក”។

(អាពូហ្ទាវូទ៖៣៨៧៨)
ការចំណាយសម្រាប់ក្រណាត់រុំសព
  • យកចេញពីថវិកាដែលសពបានបន្សល់ទុក (ប្រសិនបើសពមានទ្រព្យសម្បត្តិ)។
  • បើមិនមាន អ្នកដែលទទួលបន្ទុកចិញ្ចឹមសពពេលនៅរស់ (ឪពុក, ជីតា, កូនប្រុស, ចៅប្រុស) ត្រូវទទួលខុសត្រូវ។
  • បើពួកគេគ្មានលទ្ធភាព អ្នកមានទ្រព្យសម្បត្តិក្នុងចំណោមមូស្លីម ត្រូវទទួលបន្ទុក។

ការរុំសពដែលចាំបាច់៖ គឺការរុំសពដែលអាចបិទបាំងរាងកាយទាំងមូលរបស់សព ដោយសម្លៀកបំពាក់ដែលជ្រះស្អាត មិនថាចំពោះបុរស ឬស្ត្រីឡើយ។

ប្រការស៊ូណិតនៅពេលរុំសព

  • សពបុរស៖ រុំនឹងក្រណាត់ស ៣ផ្ទាំង (ដូចសពព្យាការី )។
  • សពស្ត្រី៖ រុំនឹងក្រណាត់ស ៥ផ្ទាំង។
  • ពណ៌ក្រណាត់៖ ស៊ូណិតរុំនឹងក្រណាត់ពណ៌ស។

    រ៉ស៊ូលុលឡោះ បានមានប្រសាសន៍ថា៖ "ចូរពួកអ្នកស្លៀកនូវសម្លៀកបំពាក់ពណ៌ស... ហើយចូរយកវាសម្រាប់រុំសពអ្នកស្លាប់នៃពួកអ្នក"។

    (អាពូហ្ទាវូទ៖៤០៦១, តៀរមីហ្ស៊ី៖៩៩៤, អ៊ិពនូម៉ាហ្ជះ៖៣៥៦៦)
  • គ្រឿងក្រអូប៖ ស៊ូណិតប្រើគ្រឿងក្រអូបលើក្រណាត់កាហ្វាន់ (ប្រភេទដែលអនុញ្ញាត)។
  • បិទបាំងឲ្យបានល្អ៖ ត្រូវយកចិត្តទុកដាក់រុំសពពីក្បាលដល់ចុងជើងឲ្យបានល្អ។

    រ៉ស៊ូលុលឡោះ បានមានប្រសាសន៍ថា៖ “នៅពេលណាដែលនរណាម្នាក់នៃពួកអ្នករុំសពបងប្អូនរបស់គេ ចូរឲ្យគេធ្វើការរុំវាឱ្យបានល្អ”។

    (មូស្លីម៖៩៤៣)
ការបង្ហោះពាក់ព័ន្ធ :

Post a Comment