បន្ដបេសកកម្មនេះជាមួយយើង ដោយគ្រាន់ ស្កេនរូបខាងលើ ឬចូលរួមយោបល់របស់អ្នកតាមរយៈ

ការត្រឹះរិះពិចារណាពីអត្ថន័យនៃគម្ពីរគួរអាន និងតាហ្វសៀរ(បកស្រាយអត្ថន័យ)គម្ពីរគួរអាន

ការតាហ្វសៀរ(បកស្រាយអត្ថន័យគម្ពីរគួរអាន) និងការត្រឹះរិះពិចារណាពីអត្ថន័យនៃគម្ពីរគួរអាន

គប្បីលើជនមូស្លីមគ្រប់រូបត្រូវយកចិត្តទុកដាក់លើការសូត្រគម្ពីរអាល់គួរអាននូវការសូត្រមួយដែលមានលក្ខណៈត្រឹមត្រូវ ព្រមទាំងត្រិះរិះពិចារណាពីអត្ថន័យរបស់វា បទបញ្ជាទាំងឡាយរបស់វា និងបម្រាមនានារបស់វា ព្រមទាំងសិក្សាពីការតាហ្វសៀរ(បកស្រាយអត្ថន័យ)របស់វា និងក្បួនច្បាប់ទាំងឡាយរបស់វា។ បន្ទាប់មក ត្រូវប្រតិបត្តិតាមវាដើម្បីទទួលបាននូវសុខសុភមង្គលទាំងក្នុងលោកិយ និងថ្ងៃបរលោក។

និយមន័យការត្រឹះរិះពិចារណាពីអត្ថន័យនៃគម្ពីរគួរអាន

គឺជាការត្រឹះរិះពិចារណាពីអត្ថន័យរបស់វាក្យខណ្ឌនីមួយៗនៃគម្ពីរគួរអាន

ចាំបាច់លើគេត្រូវដឹងពីអត្ថន័យរួមនៃអាយ៉ាត់ដើម្បីឲ្យការត្រឹះរិះពិចារណាពីអត្ថន័យនៃគម្ពីរគួរអានរបស់គេ ហើយនិងការយល់របស់គេពីអាយ៉ាត់នោះមានលក្ខណៈត្រឹមត្រូវ។

ឋានៈនៃការត្រឹះរិះពិចារណាពីអត្ថន័យនៃគម្ពីរគួរអាន

ចាំបាច់លើជនមូស្លីមគ្រប់រូបត្រូវសញ្ជឹងគិត និងត្រឹះរិះពិចារណាពីអត្ថន័យនៃគម្ពីរដ៏ធំធេងនេះ និងត្រូវឈ្វេងយល់ពីអាយ៉ាត់របស់វា ព្រមទាំងអត្ថន័យរបស់វា និងត្រូវរស់នៅជាមួយវា។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “នេះគឺជាគម្ពីរដ៏មានពរជ័យដែលយើងបានបញ្ចុះវាឱ្យអ្នក ដើម្បីឱ្យពួកគេត្រិះរិះពិចារណាចំពោះអាយ៉ាត់ៗរបស់វា ហើយក៏ដើម្បីឱ្យបញ្ញាជនទាំងឡាយយកធ្វើជាមេរៀនផងដែរ”។ (សទ៖២៩)។ ទ្រង់បានមានបន្ទូលទៀតថា៖ “ដូចេ្នះ តើពួកគេមិនគិតពិចារណាអំពី(អត្ថន័យ)គម្ពីរគួរអានទេឬ? ឬនៅក្នុងចិត្ដរបស់ពួកគេត្រូវបិទជិត(មិនយល់អ្វីសោះអំពីគម្ពីរគួរអាន)”? (មូហាំម៉ាត់៖២៤)

និយមន័យតាហ្វសៀរ

តាហ្វសៀរ៖ គឺជាការបកស្រាយបញ្ជាក់ពីអត្ថន័យនៃគម្ពីរអាល់គួរអាន។

សារៈសំខាន់នៃការតាហ្វសៀរ និងភាពចាំបាច់របស់វា

គេចាត់ទុកចំណេះដឹងទាក់ទងនឹងតាហ្វសៀរ ស្ថិតក្នុងចំណោមចំណេះដឹងដែលមានផលប្រយោជន៍ និងមានភាពឧត្តុង្គឧត្តមបំផុតមួយ ព្រោះវាជាប់ទាក់ទងនឹងគម្ពីររបស់អល់ឡោះជាម្ចាស់ដ៏មហាខ្ពង់ខ្ពស់ ហើយវាជួយឲ្យគេយល់ពីបន្ទូលរបស់អល់ឡោះ និងដឹងពីគោលបំណងរបស់ទ្រង់។ តាមរយៈចំណេះដឹងតាហ្វសៀរ ធ្វើឲ្យគេយល់ពីអត្ថន័យរបស់គម្ពីរគួរអានដែលជួយជនមូស្លីមឲ្យទទួលបានការចង្អុលបង្ហាញទៅកាន់ការសាងទង្វើកុសល ទទួលបាននូវការពេញចិត្តពីអល់ឡោះជាម្ចាស់ និងទទួលបាននូវឋានសួគ៌ពីទ្រង់។ ការដែលគេអាចទទួលបានដូចនេះ គឺតាមរយៈការអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ដែលមានចែងក្នុងគម្ពីររបស់ទ្រង់ ការចៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់ ទទួលយកជាមេរៀនពីរឿងរ៉ាវផ្សេងៗដែលបានលើកឡើងក្នុងវា ព្រមទាំងជឿជាក់ចំពោះដំណឹង និងព័ត៌មាននានារបស់វា។ តាមរយៈចំណេះដឹងតាហ្វសៀរ ធ្វើឲ្យមនុស្សអាចបែងចែករវាងប្រការពិត និងប្រការខុសឆ្គង ហើយដកចេញនូវឧបសគ្គដែលរារាំងមិនឲ្យគេឈានទៅដល់ការយល់ពីអត្ថន័យពិតប្រាកដរបស់អាយ៉ាត់នានានៃគម្ពីរគួរអាន។

ការយកចិត្តទុកដាក់របស់សហាហ្ពាត់ក្នុងការដឹងពីអត្ថន័យគម្ពីរគួរអាន និងបកស្រាយអត្ថន័យរបស់វា(តាហ្វសៀរ)ពីព្យាការី សអវ

សហាហ្ពាត់ដ៏ឧត្តុង្គឧត្តម រទអ ពួកគាត់តែងសួរព្យាការី សអវ អំពីអ្វីដែលពួកគេមានភាពស្រពិចស្រពិល មិនច្បាស់លាស់ក្នុងការយល់ពីគម្ពីរគួរអាន។ អំពី អាប់ទុលឡោះ ពិន ម៉ាស៊្អូទ រទអ បាននិយាយថា៖ នៅពេលដែលអាយ៉ាត់នេះ៖ (الَّذِينَ آمَنُوا وَلَمْ يَلْبِسُوا إِيمَانَهُمْ بِظُلْمٍ) الأنعام:82 “បណ្ដាអ្នកដែលមានជំនឿ ហើយពួកគេមិនយកជំនឿរបស់ពួកគេលាយឡំនឹងការប្រព្រឹត្តបំពានទេនោះ” ត្រូវបានបញ្ចុះមក វាជាការលំបាកបំផុតមួយចំពោះបណ្តាសហាហ្ពាត់របស់ព្យាការី សអវ។ ពួកគេបាននិយាយថា៖ “តើនរណាក្នុងចំណោមពួកយើងដែលមិនប្រព្រឹត្តបំពានដោយខ្លួនឯងនោះ”? ពេលនោះ រ៉ស៊ូលុលឡោះ សអវ លោកបានមានប្រសាសន៍ថា៖ “វាមិនដូចអ្វីដែលពួកអ្នកគិតនោះទេ។ តាមពិត វាគឺដូចអ្វីដែល លុកម៉ាន បាននិយាយទៅកាន់កូនរបស់គាត់ថា៖ ( يَا بُنَيَّ لَا تُشْرِكْ بِاللَّهِ ۖ إِنَّ الشِّرْكَ لَظُلْمٌ عَظِيمٌ) لقمان:13 “ឱកូនសម្លាញ់! ឯងកុំធ្វើស្ហ៊ីរិកនឹងអល់ឡោះឱ្យសោះ។ ពិតប្រាកដណាស់ អំពើស្ហ៊ីរិក គឺជាការបំពានមួយដ៏ធំធេង”។ (ពូខរី៖៦៩៣៧, មូស្លីម៖១២៤)។

គេអាចតាហ្វសៀរ(បកស្រាយអត្ថន័យ)គម្ពីរគួរអានតាមវិធីសាស្ត្រដូចខាងក្រោម៖

  1. តាហ្វសៀរ(បកស្រាយអត្ថន័យ)គម្ពីរគួរអានដោយគម្ពីរគួរអាន
  2. តាហ្វសៀរគម្ពីរគួរអានដោយស៊ុណ្ណះ(ព្យាការី សអវ)
  3. តាហ្វសៀរគម្ពីរគួរអានដោយសហាហ្ពាត់
  4. តាហ្វសៀរគម្ពីរគួរអានដោយតាពីអ៊ីន(អ្នកទាន់ជំនាន់សហាហ្ពាត់)

ទីមួយ៖ តាហ្វសៀរ(បកស្រាយអត្ថន័យ)គម្ពីរគួរអានដោយគម្ពីរគួរអាន

ព្រោះអល់ឡោះជាម្ចាស់ទ្រង់ជាអ្នកបញ្ចុះគម្ពីរគួរអាន។ ដូចនេះ ទ្រង់ជាអ្នកដែលដឹងបំផុតពីគោលបំណងដែលទ្រង់ចង់បាន(ពីអាយ៉ាត់នោះ)។

ឧទាហរណ៍ដូចជា៖ បន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ (أَلَا إِنَّ أَوْلِيَاءَ اللَّهِ لَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ الَّذِينَ آمَنُوا وَكَانُوا يَتَّقُونَ) يونس: 62-63 “តើមិនមែនទេឬ បណ្ដាអ្នកមានជំនឿដ៏ស្មោះត្រង់លើអល់ឡោះ ពិតជាគ្មានការភ័យខ្លាចចំពោះពួកគេ ហើយពួកគេក៏គ្មានទុក្ខព្រួយអ្វីដែរនោះ? គឺបណ្ដាអ្នកដែលមានជំនឿ ហើយពួកគេបានកោតខ្លាចអល់ឡោះ”។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបកស្រាយអត្ថន័យពាក្យថា “أَوْلِيَاءَ اللَّهِ” ដែលមានន័យថា “បណ្ដាអ្នកមានជំនឿដ៏ស្មោះត្រង់លើអល់ឡោះ”នោះ ដោយបន្ទូលរបស់ទ្រង់ក្នុងអាយ៉ាត់បន្ទាប់ថា៖ “الَّذِينَ آمَنُوا وَكَانُوا يَتَّقُونَ” បានន័យថា៖ “គឺបណ្ដាអ្នកដែលមានជំនឿ ហើយពួកគេបានកោតខ្លាចអល់ឡោះ”។

ទីពីរ៖ តាហ្វសៀរគម្ពីរគួរអានដោយស៊ុណ្ណះ(ប្រសាសន៍ព្យាការី សអវ)

ព្រោះរ៉ស៊ូលុលឡោះ សអវ ជាអ្នកផ្សព្វផ្សាយអំពីអល់ឡោះ។ ដូចនេះ លោកជាមនុស្សដែលដឹងច្បាស់ជាងគេបំផុតពីអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់មានបំណងពីបន្ទូលរបស់ទ្រង់។

ឧទាហរណ៍ដូចជា៖ ព្យាការី សអវ លោកបានបកស្រាយអត្ថន័យពាក្យថា “القوة” ដែលមានន័យថា “កម្លាំង” ដោយពាក្យ “الرمي” ដែលមានន័យថា “ព្រួញ”។ អំពី អ៊ុកហ្ពះ ពិន អាមៀរ រទអ បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ សអវ លោកបានមានប្រសាសន៍ពីលើមិមហ្ពើរ(វេទិកាសម្រាប់ថ្លែងសុន្ទរកថា)ថា៖ (وَأَعِدُّوا لَهُمْ مَا اسْتَطَعْتُمْ مِنْ قُوَّةٍ ) الأانفال:60 “ហើយចូរពួកអ្នក(អ្នកមានជំនឿ)រៀបចំតាមលទ្ធភាពរបស់ពួកអ្នកនូវកម្លាំង”។ តើពុំមែនទេឬ ពាក្យថា “القوة ៖ កម្លាំង” នោះគឺ “الرمي៖ព្រួញ”។ (មូស្លីម៖១៩១៧)

ទីបី៖ តាហ្វសៀរគម្ពីរគួរអានដោយសហាហ្ពាត់

ព្រោះពួកគាត់ជាអ្នកដែលយល់ដឹងជាងគេពីបញ្ហានេះ និងដោយសារតែពួកគាត់ជាអ្នកដែលមានការយល់ដឹងពេញលេញ ចំណេះដឹងត្រឹមត្រូវ និងទង្វើសុចរិត(ទង្វើកុសល)។

ឧទាហរណ៍ដូចជា៖ បន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ النساء:43(وَإِنْ كُنْتُمْ مَرْضَىٰ أَوْ عَلَىٰ سَفَرٍ أَوْ جَاءَ أَحَدٌ مِنْكُمْ مِنَ الْغَائِطِ أَوْ لَامَسْتُمُ النِّسَاءَ) “ហើយប្រសិនបើពួកអ្នកមានជំងឺ ឬស្ថិតនៅក្នុងការធ្វើដំណើរ ឬនរណាម្នាក់ក្នុងចំណោមពួកអ្នកបានបន្ទោបង់ ឬពួកអ្នកបានប៉ះពាល់ស្ត្រី”។ ពិតប្រាកដណាស់ មានសេចក្តីរាយការណ៍ត្រឹមត្រូវអំពី អ៊ិពនូអាប់ហ្ពាស រទអ ពិតណាស់ គាត់បានបកស្រាយអត្ថន័យពាក្យថា “ប៉ះពាល់ស្ត្រី”នោះ គឺសំដៅលើ “ការរួមភេទ”។ (តាហ្វសៀរ អាត់តប់រី៖៨/៣៨៩)

ទីបួន៖ តាហ្វសៀរគម្ពីរគួរអានដោយតាពីអ៊ីន

ពីព្រោះថា “តាពីអ៊ីន” (អ្នកទាន់ជំនាន់សហាហ្ពាត់) គឺជាមនុស្សដែលល្អជាងគេបំផុតបន្ទាប់ពីបណ្តាសហាហ្ពាត់ ហើយមានសុវត្ថិភាពជាងគេបំផុតចំពោះការដើរតាមចំណង់តណ្ហាជាងអ្នកដែលនៅសម័យកាលបន្ទាប់ពីពួកគេ។ ម្យ៉ាងទៀត ភាសាអារ៉ាប់ក៏មិនបានផ្លាស់ប្តូរ ឬប្រែប្រួលច្រើននោះដែរនៅក្នុងសម័យកាលរបស់ពួកគេ។ ដូច្នេះ ពួកគេខិតទៅជិតភាពត្រឹមត្រូវក្នុងការយល់ដឹងពីគម្ពីរគួរអានជាងអ្នកដែលរស់នៅសម័យកាលបន្ទាប់ពីពួកគេ។

ចាំបាច់លើជនមូស្លីមត្រូវមើលការតាហ្វសៀរគម្ពីរអាល់គួរអាន

នៅពេលណាដែលជនមូស្លីមមានភាពស្រពិចស្រពិល មិនច្បាស់លាស់ក្នុងការយល់ពីអត្ថន័យត្រង់កន្លែងណាមួយនៃគម្ពីគួរអាន គឺចាំបាច់លើគេត្រូវវិលទៅរកសៀវភៅតាហ្វសៀរ និងទស្សនៈរបស់សាសនវិទូផ្នែកតាហ្វសៀរដែលត្រូវបានគេទទួលស្គាល់ ក្នុងការពន្យល់ និងបញ្ជាក់ពីអត្ថន័យនៃអាយ៉ាត់នោះ ព្រមទាំងបកស្រាយពីអត្ថន័យរបស់វា។

ការតាហ្វសៀរ ឬបកស្រាយពីអត្ថន័យនៃគម្ពីរអាល់គួរអាន ពុំមែនសម្រាប់ជនមូស្លីមគ្រប់រូបនោះឡើយ។ តាមពិត វាគឺសម្រាប់តែអ្នកដែលមានចំណេះដឺងផ្នែកតាហ្វសៀរប៉ុណ្ណោះ។ ដូចនេះ គប្បីលើជនមូស្លីមទូទៅមិនត្រូវធ្វើការបកស្រាយផ្តេសផ្តាស់ដោយគ្មានចំណេះដឹងឡើយ ខ្លាចក្រែងរូបគេក្លាយទៅជាអ្នកដែលនិយាយចោទប្រកាន់ទៅលើអល់ឡោះជាម្ចាស់ដោយគ្មានចំណេះដឹងដែលនាំឲ្យរូបគេធ្លាក់ក្នុងប្រការដែលអល់ឡោះទ្រង់ហាមឃាត់ ជាហេតុធ្វើឲ្យរូបគេទទួលនូវភាពអាប់ឱននៅថ្ងៃបរលោក។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ “តាមពិត ម្ចាស់របស់ខ្ញុំបានហាមឃាត់ពីការប្រព្រឹត្ដអំពើអាក្រក់ទាំងឡាយ ទោះបីជាលាតត្រដាង ឬលាក់បាំងពីវាក៏ដោយ។ ហើយ(ទ្រង់បានហាមឃាត់ទៀត)អំពីការប្រព្រឹត្ដបាបកម្ម និងការបំពានក្រៅពីការពិត ហើយនិងពួកស្ហ៊ីរិកនឹងអល់ឡោះនូវអ្វីដែលទ្រង់មិនបានបញ្ចុះភស្តុតាងណាមួយចំពោះវា ព្រមទាំងពួកដែលនិយាយបំផ្លើសលើអល់ឡោះនូវអ្វីដែលពួកអ្នកមិនដឹង”។ (អាល់អាន់អាម៖៣៣)

សៀវភៅតាហ្វសៀរសំខាន់ៗដែលគេជឿទុកចិត្ត

សៀវភៅតាហ្វសៀរ(បកស្រាយអត្ថន័យ)គម្ពីរអាល់គួរអាន គឺមានច្រើន ហើយវាមិនស្ថិតក្នុងកម្រិតតែមួយដូចគ្នាដែលគេត្រូវទទួលយកនោះទេ។ ដូចនេះ ចាំបាច់លើជនមូស្លីមត្រូវពឹងផ្អែកលើសៀវភៅតាហ្វសៀវទាំងឡាយណាដែលត្រូវបានគេជឿទុកចិត្ត ក៏ដូចជាសៀវភៅតាហ្វសៀរទាំងឡាយណាដែលអ្នកនិពន្ធរបស់វាប្រកាន់ខ្ជាប់នឹងគោលការណ៍នៃការតាហ្វសៀរ ឬបកស្រាយអត្ថន័យនៃគម្ពីរគួរអាន។ ក្នុងចំណោមសៀវភៅសំខាន់ៗទាំងនោះមានដូចជា៖

សៀវភៅតាហ្វសៀរសំខាន់ៗ

  1. សៀវភៅ تفسير جامع البيان عن تأويل آي القرآن របស់អ៊ីម៉ាំ អ៊ិពនូជើរៀរ អាត់តប់រីយ៍
  2. សៀវភៅ تفسير القرآن العظيم របស់អ៊ីម៉ាំ អ៊ិពនូកាសៀរ អាត់ទីមិស្ហគីយ៍
  3. សៀរភៅ تيسير الكريم الرحمن في تفسير كلام المنان របស់សាសនវិទូឥស្លាម អាប់ទុលរ៉ោះម៉ាន អាស្សាក់ទី
  4. សៀវភៅ التفسير الميسر និពន្ធដោយសាសនវិទូឥស្លាមជាច្រើនរូប ចែកផ្សាយដោយ مجمع الملك فهد لطباعة المصحف الشريف بالمدينة المنورة
ការបង្ហោះពាក់ព័ន្ធ :

Post a Comment