មេរៀន៖ ល្បែងស៊ីសងក្នុងទស្សនៈអ៊ីស្លាម
ស្វែងយល់ស៊ីជម្រៅអំពីអត្ថន័យ ច្បាប់ និងគ្រោះថ្នាក់នៃល្បែងស៊ីសងចំពោះបុគ្គល និងសង្គមជាតិ តាមទស្សនៈរបស់សាសនាអ៊ីស្លាម។
គោលបំណងនៃមេរៀន
នៅពេលបញ្ចប់មេរៀននេះ អ្នកនឹងអាច៖
- យល់ដឹងពីអត្ថន័យនៃល្បែងស៊ីសង នៅក្នុងអ៊ីស្លាម
- បានដឹងអំពីច្បាប់នៃល្បែងស៊ីសង នៅក្នុងអ៊ីស្លាម
- បញ្ជាក់អំពីប្រភេទនៃល្បែងស៊ីសង និងគ្រោះថ្នាក់របស់វា
តើអ្វីទៅជា ល្បែងស៊ីសង?
ល្បែងស៊ីសង គឺសំដៅលើរាល់ល្បែងទាំងឡាយណាដែលធ្វើឲ្យភាគីមួយ ឬច្រើនជាងមួយទទួលបានការចំណេញ ហើយភាគីមួយទៀត ឬម្ខាងទៀតត្រូវខាតបង់។ លក្ខខណ្ឌសំខាន់គឺ ត្រូវតែមានអ្នកទទួលបានសំណង (ហិរញ្ញវត្ថុ ឬរបស់ផ្សេងៗ) និងមានអ្នកដែលត្រូវខាតបង់។
ច្បាប់នៃល្បែងស៊ីសងក្នុងអ៊ីស្លាម
ទោះបីអ្នកឈ្នះល្បែងអាចទទួលបានផលប្រយោជន៍ខ្លះក៏ដោយ អល់ឡោះបានបញ្ជាក់ថា បាបកម្ម និងគ្រោះថ្នាក់របស់វាគឺធំធេងជាងផលប្រយោជន៍នោះទៅទៀត។
“ពួកគេនឹងសួរអ្នក(មូហាំម៉ាត់)អំពីសុរា និងល្បែងស៊ីសង។ ចូរអ្នកឆ្លើយថា៖ វាទាំងពីរនេះគឺមានបាបកម្មធំ តែក៏មានផលប្រយោជន៍ខ្លះដល់មនុស្សលោកដែរ។ ប៉ុន្ដែបាបកម្មរបស់វាទាំងពីរ គឺធ្ងន់ធ្ងរជាងផលប្រយោជន៍របស់វាទាំងពីរទៅទៀត’’។
“ឱបណ្ដាអ្នកមានជំនឿ! ពិតប្រាកដណាស់សុរា ល្បែងស៊ីសង គោរពបូជារូបបដិមា និងជឿព្រួញទស្សន៍ទាយវាសនា គឺជាអំពើដ៏កខ្វក់នៃទង្វើរបស់ស្ហៃតន។ ដូចេ្នះ ចូរពួកអ្នកចៀសវាងឱ្យឆ្ងាយពីវា សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ’’។
គ្រោះថ្នាក់នៃល្បែងស៊ីសងចំពោះបុគ្គល និងសង្គម
“ពិតប្រាកដណាស់ ស្ហៃតនចង់ធ្វើឱ្យពួកអ្នកក្លាយជាសត្រូវនឹងគ្នា និងស្អប់ខ្ពើមគ្នា តាមរយៈសុរា និងល្បែងស៊ីសង’’។
“ហើយវារារាំងពួកអ្នកអំពីការរំលឹកទៅចំពោះ អល់ឡោះ និងការសឡាត’’។
ប្រភេទនៃល្បែងស៊ីសង
1ល្បែងមានអ្នកឈ្នះ-អ្នកចាញ់
រាល់ល្បែងដែលមានអ្នកឈ្នះ និងអ្នកចាញ់។ ឧទាហរណ៍៖ លេងបៀដោយដាក់លុយ ហើយអ្នកឈ្នះយកលុយទាំងអស់។
2ការភ្នាល់លើលទ្ធផល
ភ្នាល់លើការឈ្នះរបស់ក្រុម ឬអ្នកលេងណាម្នាក់។ បើក្រុមភ្នាល់ឈ្នះ នឹងបានលុយ បើចាញ់ នឹងបាត់បង់ប្រាក់។
3សន្លឹកឆ្នោត និងផ្សងសំណាង
ទិញសន្លឹកឆ្នោតក្នុងតម្លៃជាក់លាក់ ដើម្បីមានឱកាសឈ្នះរង្វាន់ធំជាងតម្លៃសន្លឹកឆ្នោត ទោះឱកាសឈ្នះតិចឬច្រើនក្តី។
4ការប្រកួត/ហ្គេមអនឡាញ (ភ្នាល់)
ចូលរួមប្រកួតតាមទូរស័ព្ទ/SMS តម្លៃថ្លៃ, ហ្គេមទូរស័ព្ទ/អេឡិចត្រូនិច, ឬគេហទំព័រ ដែលអ្នកលេងប្រឈមនឹងការចំណេញ ឬខាតបង់ប្រាក់។