បន្ដបេសកកម្មនេះជាមួយយើង ដោយគ្រាន់ ស្កេនរូបខាងលើ ឬចូលរួមយោបល់របស់អ្នកតាមរយៈ

ក្រមសីលធម៌អ៊ីស្លាមក្នុងប្រតិបត្តិការហិរញ្ញវត្ថុ

មេរៀន៖ ក្រមសីលធម៌អ៊ីស្លាមក្នុងប្រតិបត្តិការហិរញ្ញវត្ថុ

ក្រមសីលធម៌អ៊ីស្លាមក្នុងប្រតិបត្តិការហិរញ្ញវត្ថុ

(មូអាម៉ាឡាតម៉ាលីយ៉ះ)

នៅក្នុងមេរៀននេះ យើងនឹងសិក្សាអំពីចំណុចសំខាន់ៗ ដែលទាក់ទងទៅនឹងក្រមសីលធម៌អ៊ីស្លាមនៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុ ដើម្បីស្វែងយល់ពីប្រព័ន្ធហិរញ្ញវត្ថុដែលប្រកបដោយសីលធម៌ និងតុល្យភាព។

គោលបំណងនៃមេរៀន
  • ✓ យល់ដឹងអំពីប្រតិបត្តិការហិរញ្ញវត្ថុនៅក្នុងអ៊ីស្លាម។
  • ✓ បង្ហាញពីតុល្យភាពនៃច្បាប់អ៊ីស្លាម​នៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុ។
  • ✓ បញ្ជាក់អំពីក្រមសីលធម៌អ៊ីស្លាម ដែលចាំបាច់ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់។

ជាការពិតណាស់ សីលធម៌ត្រូវបានផ្សារភ្ជាប់យ៉ាងល្អឥតខ្ចោះទៅនឹងគ្រប់ទិដ្ឋភាពនៃជីវិត។ លក្ខណៈសំខាន់មួយនៃប្រព័ន្ធហិរញ្ញវត្ថុអ៊ីស្លាមគឺត្រូវផ្អែក និងសង្កេតលើតម្លៃសីលធម៌ ដែលធ្វើឱ្យប្រព័ន្ធនេះមានលក្ខណៈប្លែកពីប្រព័ន្ធសេដ្ឋកិច្ចផ្សេងទៀត។


១. តើអ្វីទៅជាប្រតិបត្តិការហិរញ្ញវត្ថុក្នុងសាសនាអ៊ីស្លាម?

វាគឺជាអ្វីគ្រប់យ៉ាងដែលច្បាប់អ៊ីស្លាម (ស្ហារីអះ) បានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការ ដើម្បីជាប្រយោជន៍នៃប្រាក់ចំណូលស្របច្បាប់។ ប្រតិបត្តិការហិរញ្ញវត្ថុរួមមាន៖ កិច្ចសន្យាទាំងអស់ដោយផ្អែកលើហិរញ្ញវត្ថុ ឬការផ្តល់សិទ្ធិលើផ្នែកសេដ្ឋកិច្ច ដូចជា ការទិញលក់, ការជួល, ការបង្កើតក្រុមហ៊ុន និងកិច្ចព្រមព្រៀងផ្សេងទៀត។

Islamic Finance Illustration

២. គោលបំណងនៃប្រតិបត្តិការហិរញ្ញវត្ថុអ៊ីស្លាម

សម្រេចបាននូវការពេញចិត្តពីអល់ឡោះ៖ ដោយការប្រតិបត្តិតាមការបង្គាប់របស់ទ្រង់ ក្នុងការព្យាយាមស្វែងរករ៉ីសគី (លាភសក្ការៈ) នៅលើផែនដី។

“ទ្រង់ជាអ្នកដែលបានបង្កើតផែនដីឱ្យមានភាពងាយស្រួលសម្រាប់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកធ្វើដំណើរគ្រប់ទិសទីនៅលើវា ហើយចូរពួកអ្នកបរិភោគអំពីលាភសក្ការៈរបស់ទ្រង់ចុះ...”

ជំពូក អាល់មុលក៌ ៖ ១៥
ធានាជីវភាពរស់នៅ៖ ការរកប្រាក់ដើម្បីទទួលបានជីវភាពរស់នៅសមរម្យ និងបង្កើនទ្រព្យសម្បត្តិដើម្បីសម្រេចបាននូវអត្ថប្រយោជន៍ដែលច្បាប់អនុញ្ញាត។
ទទួលបានឋានៈខ្ពង់ខ្ពស់៖ តាមរយៈការស្វែងរកអ្វីដែលស្របច្បាប់ (ហាឡាល) និងជៀសវាងអ្វីដែលខុសច្បាប់ (ហារ៉ាម)។

“អ្នកជំនួញដ៏ស្មោះត្រង់ នឹងបាននៅជាមួយបណ្តាលអ្នកនាំសារ និងអ្នកទៀងត្រង់ ក៏ដូចជាពួកទុក្ករបុគ្គល (ស្ហាហីទ)។”

តៀរម៊ីហ្ស៊ី ៖ ១២០៩
កសាងសង្គមដ៏ល្អ៖ ដំណើរប្រតិបត្តិការដែលស្របតាមច្បាប់ នឹងធានាបាននូវសង្គមមួយដែលមានការរីកចម្រើន និងយុត្តិធម៌។
បំពេញតម្រូវការសង្គម៖ ជួយឱ្យមនុស្សគ្រប់រូបអាចសម្រេចបាននូវគោលដៅនៃការគោរពប្រតិបត្តិទៅចំពោះអល់ឡោះ។
ភាពជោគជ័យលើផែនដី៖ គ្រប់គ្រងផែនដីតាមច្បាប់របស់អល់ឡោះ។

“ហើយទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នកឱ្យធ្វើជាអ្នកគ្រប់គ្រងផែនដី(ពីជំនាន់មួយទៅជំនាន់មួយ) ហើយទ្រង់បានលើកឋានៈពួកអ្នកមួយចំនួនឱ្យលើសពីគ្នា ដើម្បីទ្រង់នឹងសាកល្បងពួកអ្នក...”

ជំពូក អាល់អាន់អាម ៖ ១៦៥

៣. តុល្យភាពក្នុងប្រតិបត្តិការអ៊ីស្លាម

សាសនាអ៊ីស្លាមគឺជាសាសនានៃសេចក្តីពិត ដែលបង្ហាញមនុស្សលោកនូវអ្វីដែលល្អសម្រាប់ពួកគេ។ ប្រព័ន្ធហិរញ្ញវត្ថុអ៊ីស្លាមមានតុល្យភាពរវាងតម្រូវការផ្នែករូបកាយ (លោកិយ) និងតម្រូវការផ្នែកស្មារតី (បរលោក)។

“តើម្ចាស់ដែលបានបង្កើត(អ្វីៗទាំងអស់)មិនបានដឹងទេឬ? ហើយទ្រង់គឺជាអ្នកដែលឆ្លាតវៃ ដឹងជ្រួតជ្រាបបំផុត។”

ជំពូក អាល់មុលក៌ ៖ ១៤
  • ផ្នែកលោកិយ៖ ច្បាប់អ៊ីស្លាមគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុដោយយុត្តិធម៌ ដើម្បីធានាសិទ្ធិគ្រប់ភាគី។
  • ផ្នែកសាសនា៖ គោលបំណងចុងក្រោយគឺដើម្បីទទួលបានការពេញចិត្តពីអល់ឡោះ និងលើកកម្ពស់ភាតរភាព តាមរយៈការលើកទឹកចិត្តឱ្យមានសប្បុរសធម៌ និងជៀសវាងការប្រព្រឹត្តអំពើអយុត្តិធម៌។
Balance scale

៤. ប្រភេទនៃប្រតិបត្តិការហិរញ្ញវត្ថុទាក់ទងនឹងសិទ្ធិ

Giving charity Forbidden actions

៥. ក្រមសីលធម៌សំខាន់ៗក្នុងប្រតិបត្តិការអ៊ីស្លាម

១. ការប្រកាន់ខ្ជាប់កិច្ចសន្យា

ត្រូវបំពេញតាមកិច្ចសន្យាដែលស្របច្បាប់។ “ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកអនុវត្ដតាមកិច្ចសន្យាចុះ” (អាល់ម៉ាអ៊ីហ្ទះ ៖ ១)។

២. ការបំពេញសេចក្តីទុកចិត្ត

អ្នកដែលគេទុកចិត្ត ត្រូវតែស្មោះត្រង់ ហើយកោតខ្លាចអល់ឡោះជាម្ចាស់របស់គេ (អាល់ប៉ាក៏រ៉ោះ ៖ ២៨៣)។

៣. ភាពស្មោះត្រង់ និងមិនលាក់បាំង

ប្រសិនបើភាគីអាជីវកម្មប្រាប់ការពិត ពួកគេនឹងទទួលបានពរជ័យ ប៉ុន្តែបើកុហក ពរជ័យនឹងរលាយបាត់ (ពូខរី ៖ ២០៧៩)។

៤. ជៀសវាងការបោកប្រាស់

ព្យាការី ﷺ មានប្រសាសន៍ថា៖ «អ្នកណាដែលបន្លំបោកប្រាស់យើង នោះគេមិនស្ថិតក្នុងចំណោមពួកយើងទេ» (មូស្លីម ៖ ១០១)។

៥. ជៀសវាងរឿងគួរឱ្យសង្ស័យ

អ្នកណាដែលជៀសវាងរឿងគួរឱ្យសង្ស័យ គេនឹងជួយសង្គ្រោះសាសនា និងកិត្តិយសរបស់គេឱ្យស្អាតស្អំ (ពូខរី ៖ ៥២)។

៦. មិនស៊ីទ្រព្យអ្នកដទៃដោយខុសច្បាប់

“ហើយចូរពួកអ្នកកុំស៊ីទ្រព្យសម្បត្ដិគ្នាដោយខុសច្បាប់ (សំណូក, កេងប្រវ័ញ្ច, លួច, ប្លន់...)” (អាល់ប៉ាក៏រ៉ោះ ៖ ១៨៨)។

៧. ស្រឡាញ់បងប្អូនរួមជំនឿដូចខ្លួនឯង

«គ្មាននរណាម្នាក់ក្នុងចំណោមពួកអ្នកមានជំនឿ (ពិតប្រាកដ) នោះទេ រហូតដល់គាត់ស្រឡាញ់បងប្អូនរួមជំនឿរបស់គាត់នូវអ្វីដែលគាត់ស្រឡាញ់សម្រាប់ខ្លួនគាត់»។

ពូខរី ៖ ១៣ និង មូស្លីម ៖ ៤៥
ការបង្ហោះពាក់ព័ន្ធ :

Post a Comment