បន្ដបេសកកម្មនេះជាមួយយើង ដោយគ្រាន់ ស្កេនរូបខាងលើ ឬចូលរួមយោបល់របស់អ្នកតាមរយៈ

សម្លៀកបំពាក់របស់ស្ត្រីមូស្លីម

ឧបការគុណនៃសម្លៀកបំពាក់

ម្លៀកបំពាក់ គឺជាឧបការគុណដ៏ធំមួយដែលអល់ឡោះជាម្ចាស់ទ្រង់ប្រទានវាដល់មនុស្សលោក។ តាមរយៈសម្លៀកបំពាក់ មនុស្សអាចយកវាមកបិទបាំងរាងកាយ និងការពារពីអាកាសធាតុក្តៅ ត្រជាក់ និងពីប្រការផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ វាក៏ជាគ្រឿងតុបតែងកាយផងដែរ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ឱកូនចៅអាហ្ទាំ! យើងបានបញ្ចុះមកឱ្យពួកអ្នកនូវសម្លៀកបំពាក់ដែលអាចបិទបាំងរាងកាយរបស់ពួកអ្នក និងសម្លៀកបំពាក់សម្រាប់តែងលម្អខ្លួន។ តែសម្លៀកបំពាក់កោតខ្លាច(ធ្វើអ្វីដែលអល់ឡោះប្រើ និងចៀសវាងពីការហាមឃាត់)នោះ វាប្រសើរជាងអ្វីៗទាំងអស់។ ទាំងនោះគឺក្នុងចំណោមភស្ដុតាងរបស់អល់ឡោះ សង្ឃឹមថាពួកគេនឹងចងចាំ”។ (អាល់អាក់រ៉ហ្វ៖២៦)។ សម្លៀកបំពាក់ខ្លះ គឺជាការចាំបាច់ចំពោះបុរស និងស្ត្រីត្រូវស្លៀកពាក់ នោះគឺសម្លៀកបំពាក់ដែលអាចបិទបាំងកេរខ្មាស(អាវរ៉ាត់)បានជិត ហើយសម្លៀកបំពាក់ខ្លះទៀត គឺដើម្បីបន្ថែមនូវភាពស្រស់ស្អាតសម្រាប់ឱកាសណាមួយ ដូចជាសម្លៀកបំពាក់សម្រាក់ស្លៀកពាក់ក្នុងឱកាសចូលរួមពិធីមង្គលការ ឬសម្រាប់ស្លៀកពាក់ក្នុងថ្ងៃរ៉យ៉ាជាដើម។

ច្បាប់បញ្ញត្តិឥស្លាមទាក់ទងនឹងសម្លៀកបំពាក់របស់ស្ត្រីសម្រេចបាននូវគោលដៅដ៏អស្ចារ្យ។ ពីជ្រុងស្ត្រីផ្ទាល់ វាការពារពីការសម្លឹងមើលរបស់បុរស ក៏ដូចជាការពារពីទង្វើ និងពាក្យសម្ដីដែលមិនសមគួរ។ ម្យ៉ាងទៀត សម្លៀកបំពាក់តាមបែបឥស្លាម ផ្តល់ភាពស្ងប់ស្ងាត់ សេចក្តីថ្លៃថ្នូរ និងកិត្តិយសខ្ពង់ខ្ពស់ផងដែរ។ កាន់តែពិសេសជាងនេះទៅទៀត ស្ត្រីដែលប្រកាន់ខ្ជាប់នូវសម្លៀកបំពាក់បែបឥស្លាម គឺជាការប្រកាសនូវភាពជាខ្ញុំបម្រើ និងភាពឱនលំទោនរបស់នាងចំពោះអល់ឡោះជាម្ចាស់តាមរយៈការអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសឆ្ងាយពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់។ តាមរយៈនេះ ធ្វើឲ្យគេសម្រេចបាននូវពរជ័យ ការប្រោសប្រទាន និងក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់។

រីឯពីជ្រុងនៃសង្គមវិញ សម្លៀកបំពាក់របស់ស្ត្រីមូស្លីម ឬហ៊ីហ្ជាបរបស់នាង គឺជួយការពារសង្គមទាំងមូលពីភាពវឹកវរ(ហ្វិតណះ) និងរក្សាបាននូវស្ថេរភាព ឬសុខសុវត្ថិភាពសម្រាប់សមាជិកគ្រប់រូប(ក្នុងសង្គមនោះ)។ ជាការពិតណាស់ភាពវឹកវរ កាលណាវាកើតមានឡើង គឺវាបំផ្លាញសង្គមនោះទាំងមូល ទាំងបុរស និងស្រ្តី។

លក្ខខណ្ឌនៃហ៊ីហ្ជាបរបស់ស្ត្រីមូស្លីម

  1. ត្រូវបិទបាំងរាងកាយទាំងមូល យោងតាមទស្សនៈរបស់សាសនវិទូឥស្លាមមួយចំនួន ឬត្រូវបិទបាំងរាងកាយទាំងមូល លើកលែងតែមុខ និងប្រអប់ដៃ យោងតាមទស្សនៈរបស់សាសនវិទូឥស្លាមផ្សេងទៀត។
  2. សម្លៀកបំពាក់នោះត្រូវតែក្រាស់ដែលមិនបង្ហាញឲ្យឃើញនូវអ្វីដែលនៅពីក្រោមវា។
  3. ត្រូវទូលាយ មិនរឹបរាងដែលមិនអាចឲ្យគេអាចពណ៌នានូវរូបរាងកាយរបស់នាងបាន។
  4. មិនត្រូវបង្ហាញនូវភាពឆើតឆាយ ឬប្រើគ្រឿងក្រអូប
  5. មិនត្រូវប្រដូចនឹងសម្លៀកបំពាក់បុរស
  6. មិនត្រូវប្រដូចនឹងសម្លៀកបំពាក់របស់អ្នកមិនមែនមូស្លីម
  7. ពុំមែនជាសម្លៀកបំពាក់ដែលនាំឲ្យមានភាពល្បីល្បាញ(ទាក់ទាញចំណាប់អារម្មណ៍)

១. បិទបាំងរាងកាយ

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ឱព្យាការី! ចូរអ្នកប្រាប់ទៅកាន់បណ្ដាភរិយារបស់អ្នក និងកូនស្រីទាំងឡាយរបស់អ្នក ហើយនិងស្ដ្រីរបស់បណ្ដាអ្នកមានជំនឿឱ្យបិទបាំងទៅលើរាងកាយរបស់ពួកនាងដោយស្បៃរបស់ពួកនាង(គឺត្រូវគ្របពីក្បាលរហូតដល់ក្រោមទ្រូងនៃរាងកាយ)។ ធ្វើដូច្នោះ គឺងាយស្រួលបំផុតដែលពួកនាងនឹងត្រូវគេស្គាល់(ថាជាស្ដ្រីមូស្លីមដែលមានសេរីភាព) ហើយពួកនាងក៏មិនអាចត្រូវគេមើលងាយដែរ។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់”។ (អាល់អះហ្សាប៖៥៩)។ សាសនវិទូឥស្លាមបានខ្វែងយោបល់គ្នាចំពោះការគ្របមុខ និងប្រអប់ដៃទាំងពីរ។ ពួកគាត់មួយចំនួនយល់ថា វាជាកាតព្វកិច្ច(វ៉ាជិប) ហើយមួយចំនួនទៀតយល់ថា វាជាការគួរគប្បី(ស៊ូណិត)។ ក៏ប៉ុន្តែពួកគាត់បានឯកភាពគ្នាថា ចំពោះផ្នែកផ្សេងក្រៅពីនេះ គឺចាំបាច់ត្រូវតែបិទបាំង។

២.

នេះគឺចូលក្នុងបន្ទូលរួមរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ហើយកុំឱ្យពួកនាងបង្ហាញសម្រស់របស់ពួកនាង”។ (អាន់នួរ៖៣១)

៣-៤. សម្លៀកបំពាក់នោះត្រូវតែក្រាស់ និងរលុង មិនរឹបរាង

ព្យាការី សអវ លោកបានមានប្រសាសន៍ថា៖ “មនុស្សពីរប្រភេទស្ថិតនៅក្នុងចំណោមពួកឋាននរកដែលខ្ញុំមិនធ្លាប់ឃើញពួកគេឡើយ គឺក្រុមមួយមានដំបងកាន់ជាមួយដូចជាកន្ទុយគោ ហើយវាយមនុស្ស (ដោយអយុត្ដិធម៌) និងស្ដ្រីដែលស្លៀកសម្លៀកបំពាក់ដូចនៅអាក្រាតនាំទៅរកនរក ហើយខ្លួនពួកគេក៏មានទំនោរដូច្នោះដែរ។ ក្បាលរបស់ពួកគេដូចជាបូកសត្វអូដ្ឋ។ ពួកគេនឹងមិនចូលឋានសួគ៌ឡើយ ហើយក៏មិនបានហិតក្លិនវាដែរ ព្រោះក្លិនរបស់វាស្ថិតនៅចម្ងាយប៉ុននេះ ប៉ុននោះ”។ (មូស្លីម៖២១២៨)។

៥. មិនត្រូវបង្ហាញនូវភាពឆើតឆាយ ឬប្រើគ្រឿងក្រអូប

រ៉ស៊ូលុលឡោះ សអវ លោកបានមានប្រសាសន៍ថា៖ “ស្ត្រីរូបណាដែលបានប្រើប្រាស់គ្រឿងក្រអូប រួចដើរកាត់ក្រុមមួយដើម្បីឲ្យពួកគេស្រង់ក្លិន(ក្រអូប)របស់វា ជាការពិតណាស់ នាងគឺជាអ្នកដែលប្រព្រឹត្តអំពើហ្ស៊ីណា”។ (អាន់ណាសាអ៊ី៖៥១២៦)

៦. មិនត្រូវប្រដូចនឹងសម្លៀកបំពាក់បុរស

អំពី អ៊ិពនូអាប់ហ្ពាស រទអ បាននិយាយថា៖ “រ៉ស៊ូលុលឡោះ សអវ បានដាក់បណ្ដាសាចំពោះបុរសទាំងឡាយដែលប្រដូចខ្លួននឹងស្ដ្រី(ទាំងពាក្យសំដី និងកាយវិការ) និងស្ដ្រីទាំងឡាយដែលប្រដូចខ្លួននឹងបុរស”។ (ពូខរី៖៥៨៨៥)

៧. មិនត្រូវប្រដូចនឹងសម្លៀកបំពាក់របស់អ្នកមិនមែនមូស្លីម

ជាការពិតណាស់ ច្បាប់បញ្ញត្តិឥស្លាមបានកំណត់ថា គេមិនអនុញ្ញាតឲ្យអ្នកមូស្លីម(ទាំងបុរស និងស្ត្រី)ប្រដូចខ្លួននឹងអ្នកមិនមែនមូស្លីម មិនថាទាក់ទងនឹងការគោរពសក្ការៈរបស់ពួកគេ ពិធីបុណ្យរបស់ពួកគេ ឬសម្លៀកបំពាក់ដែលជាលក្ខណៈដោយឡែករបស់ពួកគេឡើយ ដោយយោងតាមប្រសាសន៍របស់រ៉ស៊ូលុលឡោះ សអវ ដែលលោកបានមានប្រសាសន៍ថា៖ “បុគ្គលណាដែលប្រដូចខ្លួននឹងក្រុមណាមួយ ជននោះគឺស្ថិតក្នុងចំណោមក្រុមនោះហើយ”។ (អាពូហ្ទាវូទ៖៤០៣១)

៨. ពុំមែនជាសម្លៀកបំពាក់ដែលនាំឲ្យមានភាពល្បីល្បាញ

សម្លៀកបំពាក់ដែលនាំឲ្យមានភាពល្បីល្បាញ គឺសំដៅលើសម្លៀកបំពាក់ដែលគេស្លៀកពាក់ក្នុងបំណងចង់បានភាពល្បីល្បាញនៅក្នុងចំណោមមនុស្ស(ទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដទៃ)។

លក្ខខណ្ឌខាងលើនេះ គឺជាលក្ខខណ្ឌនៃសម្លៀកបំពាក់ស្ត្រីមូស្លីមដែលត្រូវប្រតិបត្តិនៅពេលនាងចេញក្រៅផ្ទះ ឬក្នុងពេលដែលមានវត្តមានបុរសដទៃ(ដែលអាចរៀបការនឹងគ្នាបាន)នៅជាមួយ តែមិនមែនជាកាតព្វកិច្ចត្រូវប្រតិបត្តិតាមដាច់ខាតនូវលក្ខខណ្ឌនោះទេក្នុងពេលដែលនាងនៅជាមួយសាច់ញាតិជាបុរសដែលមិនអាចរៀបការនឹងគ្នាបាន ឬនៅពេលជួបនឹងស្ត្រីដូចគ្នា ព្រោះថាក្នុងករណីនេះ គេអនុញ្ញាតឲ្យនាងអាចប្រើគ្រឿងក្រអូប និងបង្ហាញផ្នែកខ្លះនៃការសម្រស់របស់នាងនៅក្នុងព្រំដែនកំណត់មួយ។

ការបង្ហាញភាពឆើតឆាយ

គឺការដែលស្ត្រីបង្ហាញនូវការតុបតែងកាយ និងសម្រស់របស់នាងដែលចាំបាច់ត្រូវបិទបាំងនោះឲ្យបុរសដទៃ(ដែលអាចរៀបការនឹងគ្នាបាន)បានឃើញ។

សម្លៀកបំពាក់ស្ត្រីមូស្លីមអាស្រ័យទៅតាមបុគ្គលដែលនៅជុំវិញនាង

  1. សម្លៀកបំពាក់ស្ត្រីមូស្លីមនៅមុខបុរសដទៃ(ដែលអាចរៀបការនឹងគ្នាបាន)
  2. សម្លៀកបំពាក់ស្ត្រីមូស្លីមនៅមុខសាច់ញាតិជាបុរសដែលមិនអាចរៀបការនឹងគ្នាបាន(ម៉ះរិម)
  3. សម្លៀកបំពាក់ស្ត្រីមូស្លីមនៅមុខស្ត្រីមូស្លីមដូចគ្នា
  4. សម្លៀកបំពាក់ស្ត្រីមូស្លីមនៅមុខស្ត្រីដែលជាពួកអះលីគីតាប

សម្លៀកបំពាក់ស្ត្រីមូស្លីមនៅមុខបុរសដទៃ(ដែលអាចរៀបការនឹងគ្នាបាន)

វាជាហ៊ីហ្ជាបតាមច្បាប់បញ្ញត្តិឥស្លាមដែលអល់ឡោះជាម្ចាស់ និងរ៉សូលរបស់ទ្រង់បានបង្គាប់ប្រើ ហើយដែលយើងបានលើកឡើងពីលក្ខខណ្ឌរបស់វារួចមកហើយ។

សម្លៀកបំពាក់ស្ត្រីមូស្លីមនៅមុខសាច់ញាតិជាបុរសដែលមិនអាចរៀបការនឹងគ្នាបាន(ម៉ះរិម)

ចាំបាច់លើស្ត្រីត្រូវបិទបាំងរាងកាយរបស់ខ្លួនទាំងមូលនៅពីមុខពួកគេ លើកលែងតែអ្វីដែលស្តែងចេញជាធម្មតា ដូចជា ក សក់ និងជើង រួមទាំងមុខ និងប្រអប់ដៃ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយចូរអ្នក(មូហាំម៉ាត់)ពោលទៅកាន់បណ្ដាស្ដ្រីដែលមាន ជំនឿឱ្យពួកនាងទម្លាក់ក្រសែភ្នែករបស់ពួកនាងចុះពីការសម្លឹងមើល (បុរសនិងអ្វីដែលច្បាប់អ៊ីស្លាមបានហាមឃាត់) ហើយឱ្យពួកនាងថែរក្សាប្រដាប់ភេទរបស់ពួកនាង(អំពីប្រការហ្ស៊ីណា)។ ហើយកុំឱ្យពួកនាងបង្ហាញសម្រស់របស់នាង លើកលែងតែអ្វីដែលបានស្ដែងចេញជាធម្មតា(មុខ ប្រអប់ដៃ ប្រអប់ជើង)។ ហើយឱ្យពួកនាងយកស្បៃគ្របឱ្យជិតនៅបរិវេណដើមទ្រូង និងករបស់នាងដោយមិនឱ្យពួកនាងបង្ហាញសម្រស់នៅមុខបុរសណាក្រៅពីស្វាមីរបស់ពួកនាង ឪពុករបស់ពួកនាង ឪពុកកេ្មករបស់ពួកនាង កូនប្រុសៗរបស់ពួកនាង កូនប្រុសៗប្ដីរបស់ពួកនាង(កូនចុង) បងប្អូនប្រុសរបស់ពួកនាង ហើយនិងកូនប្រុសៗនៃបងប្អូនប្រុសស្រីរបស់ពួកនាង(ក្មួយ)”។ (អាន់នួរ៖៣១)

សម្លៀកបំពាក់ស្ត្រីមូស្លីមនៅមុខស្ត្រីមូស្លីមដូចគ្នា

ដូចក្នុងករណីនៅមុខសាច់ញាតិជាបុរសដែលមិនអាចរៀបការនឹងគ្នា(ម៉ះរិមរបស់នាង)ដែរ គឺចាំបាច់លើស្ត្រីត្រូវបិទបាំងរាងកាយរបស់ខ្លួនទាំងមូលនៅពីមុខពួកគេ លើកលែងតែអ្វីដែលស្តែងចេញជាធម្មតា ដូចជា ក សក់ និងជើង រួមទាំងមុខ និងប្រអប់ដៃ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយចូរអ្នក(មូហាំម៉ាត់)ពោលទៅកាន់បណ្ដាស្ដ្រីដែលមាន ជំនឿឱ្យពួកនាងទម្លាក់ក្រសែភ្នែករបស់ពួកនាងចុះពីការសម្លឹងមើល (បុរសនិងអ្វីដែលច្បាប់អ៊ីស្លាមបានហាមឃាត់) ហើយឱ្យពួកនាងថែរក្សាប្រដាប់ភេទរបស់ពួកនាង(អំពីប្រការហ្ស៊ីណា)។ ហើយកុំឱ្យពួកនាងបង្ហាញសម្រស់របស់នាង លើកលែងតែអ្វីដែលបានស្ដែងចេញជាធម្មតា(មុខ ប្រអប់ដៃ ប្រអប់ជើង)។ ហើយឱ្យពួកនាងយកស្បៃគ្របឱ្យជិតនៅបរិវេណដើមទ្រូង និងករបស់នាងដោយមិនឱ្យពួកនាងបង្ហាញសម្រស់នៅមុខបុរសណាក្រៅពីស្វាមីរបស់ពួកនាង ឪពុករបស់ពួកនាង ឪពុកកេ្មករបស់ពួកនាង កូនប្រុសៗរបស់ពួកនាង កូនប្រុសៗប្ដីរបស់ពួកនាង(កូនចុង) បងប្អូនប្រុសរបស់ពួកនាង កូនប្រុសៗនៃបងប្អូនប្រុសស្រីរបស់ពួកនាង(ក្មួយ) ហើយនិងស្ដ្រី(មូស្លីម)ដូចគ្នា”។ (អាន់នួរ៖៣១)

សម្លៀកបំពាក់ស្ត្រីមូស្លីមនៅមុខស្ត្រីដែលជាពួកអះលីគីតាប

ដូចក្នុងករណីនៅមុខស្ត្រីមូស្លីមដូចគ្នាដែរ ចាំបាច់លើនាងត្រូវបិទបាំងរាងកាយរបស់ខ្លួនទាំងមូលនៅពីមុខពួកគេ លើកលែងតែអ្វីដែលស្តែងចេញជាធម្មតា ដូចជា ក សក់ និងជើង។ នោះក៏ព្រោះតែមានស្ត្រីនៃពួកអះលីគីតាប(យូដា និងគ្រឹស្ទាន)ជាច្រើនធ្លាប់បានចូលទៅជួបនឹងភរិយារបស់ព្យាការី សអវ ហើយគ្មានភស្តុតាងណាមួយដែលត្រូវបានពាំនាំមកពីព្យាការី សអវ ដែលថា លោកបានប្រើភរិយារបស់លោកឲ្យបិទបាំងរាងកាយពីពួកនាងនោះឡើយ។

ប្រភេទសម្លៀកបំពាក់ស្ត្រីមូស្លីម និងការតុបតែងកាយ

  1. សម្លៀកបំពាក់ និងការតុបតែងកាយដែលគេអនុញ្ញាត(ហារូស)
  2. សម្លៀកបំពាក់ និងការតុបតែងកាយដែលគេជំរុញ(ស៊ូណិត)
  3. សម្លៀកបំពាក់ និងការតុបតែងកាយដែលគេហាមឃាត់(ហារ៉ាំ)

សម្លៀកបំពាក់ស្ត្រីមូស្លីម និងការតុបតែងកាយដែលគេអនុញ្ញាត(ហារូស)

ជាគោលការណ៍ សម្លៀកបំពាក់ និងការតុបតែងកាយគ្រប់ប្រភេទទាំងអស់ គឺជាប្រការដែលគេអនុញ្ញាត លើកលែងតែអ្វីដែលមានច្បាប់បញ្ញត្តិហាមឃាត់ប៉ុណ្ណោះ។ ដូចនេះ ស្ត្រីអាចស្លៀកសម្លៀកបំពាក់គ្រប់ប្រភេទ គ្រប់ពណ៌ និងគ្រប់ប្រភេទក្រណាត់ ហើយអាចតុបតែងកាយដោយគ្រឿងលម្អគ្រប់ប្រភេទ មិនថាគ្រឿងអលង្ការ ទឹកអប់ និងគ្រឿងសំអាងនោះឡើយ តែត្រូវភ្ជាប់នឹងលក្ខខណ្ឌ គឺសម្លៀកបំពាក់ ឬការតុបតែងកាយនោះមិនផ្តល់ផលប៉ះពាល់ដល់នាង, មិនត្រូវប្រដូចនឹងពួកគ្មានជំនឿ ហើយសារធាតុដែលយកមកផលិត គឺមិនមែនជារបស់ដែលគេហាមឃាត់ ឧទាហរណ៍ដូចជាខ្លាញ់ជ្រូកជាដើម។

សម្លៀកបំពាក់ និងការតុបតែងកាយដែលគេជំរុញ(ស៊ូណិត)

គឺសំដៅលើអ្វីដែលមានភស្តុតាងពីច្បាប់ឥស្លាមដែលជំរុញឲ្យស្លៀក ពាក់ ឬតុបតែងកាយនឹងវា។ ក៏ដូចគ្នាដែរ អ្វីដែលស្ត្រីស្លៀកពាក់ និងតុបតែងកាយដើម្បីឲ្យស្វាមីរបស់ខ្លួនស្រឡាញ់ និងពេញចិត្ត ដោយភ្ជាប់នឹងលក្ខខណ្ឌ គឺមិនត្រូវជាប្រការដែលគេហាមឃាត់ឡើយ។

សម្លៀកបំពាក់ និងការតុបតែងកាយដែលគេហាមឃាត់(ហារ៉ាំ)

គឺសំដៅលើសម្លៀកបំពាក់ និងការតុបតែងកាយទាំងឡាយណាដែលច្បាប់ឥស្លាមហាមឃាត់ ឬព្រមានអំពីវា ទោះជាសម្លៀកបំពាក់ និងការតុបតែងកាយនោះ មានភស្តុតាងពីច្បាប់ឥស្លាមដែលបញ្ជាក់ពីការហាមឃាត់អំពីវា ឬក៏ផ្ទុយនឹងរូបមន្តឬគោលការណ៍ដែលប្រើឲ្យប្រកាន់ខ្ជាប់ ដូចជាត្រូវឲ្យខុសពីពួកយូដានិងគ្រឹស្ទាន និងមិនត្រូវប្រដូចនឹងបុរសជាដើម។

ការបង្ហោះពាក់ព័ន្ធ :

Post a Comment