សាសនាឥស្លាម
បានដាក់កាតព្វកិច្ចលើស្ត្រីមូស្លីមត្រូវសិក្សាឈ្វេងយល់អំពីក្បួនច្បាប់ដែលនាងត្រូវការដឹងទាក់ទងនឹងភាពជ្រះស្អាតដែលជាបញ្ហាផ្ទាល់ខ្លួនរបស់នាង ដូចជាឈាមរដូវ ឈាមជំងឺ និងឈាមឆ្លងទន្លេ។
ក្នុងចំណោមកិច្ចការដែលចាំបាច់លើស្ត្រីមូស្លីមត្រូវដឹង និងអនុវត្ត
- ការងូតទឹកពីជូនុប
- ការងូតទឹកនៅពេលអស់រដូវ
- ការងូតទឹកនៅពេលអស់ឈាមឆ្លងទន្លេ(នីហ្វាស)
ការងូតទឹកសម្អាតពីជូនុប
ពាក្យថា “ជូនុប” ជាលក្ខណៈភាសា មានន័យថា “ចៀសឆ្ងាយ”។ ចំណែកឯនៅក្នុងច្បាប់បញ្ញត្តិឥស្លាមវិញ ពាក្យថា“ជូនុប” គឺសំដៅលើការចេញទឹកកាម ឬរួមភេទ ហើយពាក្យនេះសំដៅទាំងទៅលើបុរស និងទាំងទៅលើស្ត្រី។ គេឲ្យឈ្មោះវាថា “ជូនុប” ពីព្រោះវាហាមឃាត់មនុស្សមិនឲ្យទៅក្បែរកន្លែងសឡាតឡើយ រហូតដល់គេមានភាពជ្រះស្អាត។ ហើយការងូតទឹកសម្អាតពីជូនុបនេះ គឺជាកាតព្វកិច្ច(វ៉ាជិប) ដោយយោងតាមបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ហើយប្រសិនបើពួកអ្នកមានជូនុប ពួកអ្នកត្រូវសម្អាតខ្លួនប្រាណ(ដោយការងូតទឹក)”។ (អាល់ម៉ាអ៊ីហ្ទះ៖៦)
ការងូតទឹកសម្អាតកាយនៅពេលអស់រដូវ
ចាំបាច់លើស្ត្រីមូស្លីមត្រូវងូតទឹកសម្អាតកាយនៅពេលខ្លួនអស់រដូវ ដោយយោងតាមបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ហើយពួកគេនឹងសួរអ្នក(មូហាំម៉ាត់)អំពីឈាមរដូវ។ ចូរអ្នកឆ្លើយថា៖ ឈាមរដូវនោះ គឺវាកខ្វក់បំផុត។ ហេតុនេះ ចូរពួកអ្នកជៀសវាង(រួមភេទ)ពីភរិយាក្នុងអំឡុងពេលដែលមានរដូវ ហើយកុំទៅជិតពួកនាង(ដើម្បីរួមភេទ) រហូតទាល់តែពួកនាងជ្រះស្អាត(អស់រដូវហើយងូតទឹកសម្អាត)ខ្លួនប្រាណសិន។ បើកាលណាពួកនាងជ្រះស្អាតហើយនោះ ពួកអ្នកអាចរួមភេទជាមួយពួកនាងនៅត្រង់កន្លែង(ប្រដាប់ភេទ)ដែលអល់ឡោះបានអនុញ្ញាតឱ្យពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះស្រឡាញ់បណ្ដាអ្នកដែលសារភាពទោសកំហុស និងស្រឡាញ់បណ្ដាអ្នកដែលជ្រះស្អាត”។ (អាល់ហ្ពាក៏រ៉ោះ៖២២២)
ឈាមរដូវ និងឈាមជំងឺ
ឈាមរដូវ គឺឈាមដែលចេញពីស្បូនស្ត្រីជាលក្ខណៈធម្មតាពុំមែនដោយសារឆ្លងទន្លេ ឬជំងឺ។ រីឯឈាមជំងឺវិញ គឺជាឈាមដែលចេញពីស្បូនស្ត្រីក្នុងពេលវេលាដែលពុំមែនជាពេលមានរដូវដោយមូលហេតុជំងឺ ឬមានបញ្ហាសុខភាព។
រយៈពេលនៃការមករដូវចំពោះស្ត្រី គឺមានលក្ខណៈខុសៗគ្នា ហើយគ្មានការកំណត់ពេលវេលាតិចបំផុតដែលស្ត្រីមករដូវនោះឡើយ យោងតាមទស្សនៈដែលត្រឹមត្រូវជាងគេរបស់សាសនវិទូឥស្លាម។ ប៉ុន្តែ សាសនវិទូឥស្លាមភាគច្រើនយល់ឃើញថា រយៈពេលច្រើនបំផុតនៃការមករដូវ គឺ១៥ថ្ងៃ។ ដូចនេះ បើកាលណាឈាមនៅតែបន្តហូរមកលើសពី១៥ថ្ងៃ គឺគេចាត់ទុកជាឈាមជំងឺ ពុំមែនជាឈាមរដូវទៀតឡើយ។ ហើយជាទូទៅចំពោះស្ត្រីភាគច្រើន រយៈពេលនៃការមករដូវគឺ ៦ថ្ងៃ ឬ៧ថ្ងៃ។
ការងូតទឹកនៅពេលអស់ឈាមក្រោយសម្រាលកូន
សាសនវិទូឥស្លាមទាំងអស់បានឯកភាពគ្នាថា ចាំបាច់លើស្ត្រីដែលឆ្លងទន្លេត្រូវងូតទឹកសម្អាតកាយនៅពេលដែលអស់ឈាមក្រោយសម្រាលកូន។
និយមន័យឈាមក្រោយសម្រាលកូន(នីហ្វាស)
គឺជាឈាមដែលចេញពីស្បូនស្ត្រីនៅពេលឆ្លងទន្លេ(សម្រាលបុត្រ) ឬមុនឆ្លងទន្លេពីរថ្ងៃ ឬបីថ្ងៃ ជាមួយនឹងសញ្ញានៃការឆ្លងទន្លេ(ដូចជាឈឺពោះជាដើម) និងបន្តធ្លាក់បន្ទាប់ពីសម្រាលកូនរួច រហូតដល់គ្រប់សាមសិបថ្ងៃ។ រីឯរយៈពេលនៃការមានឈាមឆ្លងទន្លេវិញ ច្រើនបំផុត សែសិបថ្ងៃ ហើយគ្មានកំណត់ចំពោះរយៈតិចបំផុតរបស់វានោះឡើយ។ ដូចនេះ កាលណាស្ត្រីឃើញមានភាពជ្រះស្អាត គឺត្រូវងូតទឹកសម្អាតកាយ និងប្រតិបត្តិសឡាត។
បម្រាមមួយចំនួនចំពោះស្ត្រីដែលមានឈាមរដូវ និងឈាមក្រោយសម្រាលកូន
- មិនត្រូវរួមភេទ
- មិនត្រូវលែងលះក្នុងអំឡុងពេលនេះ
- មិនត្រូវប្រតិបត្តិសឡាត និងបួសមិនត្រូវតវ៉ាហ្វ(ប្រទក្សិណ)ជុំវិញកាក់ហ្ពះ
- មិនត្រូវប៉ះគម្ពីរគួរអាន
- មិនត្រូវស្នាក់នៅក្នុងម៉ាស្ជិត
បញ្ហាដែលចាំបាច់សម្រាប់អ្នកមករដូវ
- ទាក់ទងនឹងភាពពេញវ័យ
- ទាក់ទងនឹងរយៈពេលរង់ចាំសម្រាប់ស្ត្រីដែលលែងលះ
ប្រការដែលបង្ហាញពីការអស់រដូវរបស់ស្ត្រី
- មានការបញ្ចេញទឹករំអិលពណ៌ស
- ឈាមឈប់ចេញមកទៀត ហើយស្ងួត
កាតព្វកិច្ចនៃការងូតទឹកសម្អាត (តាមពិធីសាសនា)
កាតព្វកិច្ចនៃការងូតទឹកសម្អាត មានពីរ៖ គឺ ចេតនា (នៀត) និងងូតទឹកឱ្យសព្វសក់ក្បាល និងខ្លួនប្រាណទាំងអស់។ ដោយត្រូវតែបញ្ចូលទឹកឱ្យដល់គល់សក់ ដើម្បីឱ្យវាចូលទៅដល់ស្បែកក្បាល មិនថាសក់ស្តើង ឬក្រាស់ឡើយ។
របៀបនៃការងូតទឹកសម្អាតរបស់ស្ត្រី បន្ទាប់ពីការមករដូវ និងការមានជូនូប
អ្នកស្រីអាអ៊ីស្ហះបានរាយការណ៍ថា៖ អ្នកស្រីអាស្សម៉ាក បានសួរព្យាការី ﷺ អំពីការងូតទឹកសម្អាតបន្ទាប់ពីការមករដូវ។ លោកបានមានប្រសាសន៍ថា៖ « ពួកនាងត្រូវប្រើទឹក (លាយនឹងស្លឹកពុទ្រា ដោយវាជាប្រភេទសាប៊ូ ដែលគេប្រើនៅសម័យបុរាណ) ងូតលាងសម្អាតខ្លួនឲ្យបានស្អាត រួចចាក់ទឹកលើក្បាល ហើយដុះវាឲ្យខ្លាំងរហូតដល់គល់សក់ បន្ទាប់មកនាងត្រូវចាក់ទឹកលាងសម្អាតលើវា(កន្លែងឯកជន) ។ ក្រោយមក នាងត្រូវយកកប្បាស ឬសំឡីមួយដុំដើម្បីសម្អាតវា »។ អ្នកស្រីអាស្សម៉ាក បាននិយាយថា៖ " តើនាងត្រូវសម្អាតវាដោយរបៀបណា? នៅពេលនោះលោក (រ៉សូលរបស់អល់ឡោះ) បានមានប្រសាសន៍ថា៖ " សូមសរសើរតម្កើងដល់អល់ឡោះជាម្ចាស់! នាងត្រូវសម្អាតវា " ។ អ្នកស្រីអាអ៊ីស្ហះបាននិយាយដោយសំឡេងតិចៗថា៖ នាងត្រូវជូតលាងដានឈាម(កន្លែងឯកជន) ។ បន្ទាប់មក អ្នកស្រីអាស្សម៉ាក ក៏បានសួរតទៀតអំពីការងូតទឹកបន្ទាប់ពីការរួមភេទ (ជូនូប)។ គាត់ (ព្យាការី) បានមានប្រសាសន៍ថា៖ « នាងត្រូវយកទឹក ងូតសំអាតខ្លួនរបស់នាងអោយបានសព្វស្អាត។ រួចចាក់ទឹកលើក្បាល ហើយដុះវាឲ្យខ្លាំងរហូតដល់គល់សក់ បន្ទាប់មកនាងត្រូវចាក់ទឹកលាងសម្អាតលើវា(កន្លែងឯកជន)។ អ្នកស្រីអាអ៊ីស្ហះបាននិយាយថា៖ " តើស្ត្រីនៃពួកអាន់សើរ(ស្រ្តីម៉ាទីណះ)ពិតជា ល្អណាស់! ពួកនាងមិនបណ្តោយឱ្យភាពអៀនខ្មាស់របស់ពួកនាង រារាំងពួកនាងពីការយល់ដឹងអំពីច្បាប់សាសនានោះឡើយ " ។ (ពខរី ៖ ៣១៤ និង មូស្លីម ៖ ៣៣២)
ការហូរទឹករំអិលពណ៌លឿង និងពណ៌ត្នោត
ពេលខ្លះមានទឹករំអិលដែលចេញពីទ្វារមាសរបស់ស្ត្រី - មុន ឬក្រោយពេលមករដូវ - ប្រសិនបើវាចេញមកជាប់ជាមួយនឹងឈាមរដូវ នោះវាជាផ្នែកមួយនៃឈាមរដូវ ដោយនាងមមិនត្រូវបានអនុញ្ញាតឱ្យធ្វើការសឡាតថ្វាយបង្គំ និងផ្សេងៗទៀតដោយសារតែការមករដូវនោះ។ តែប្រសិនបើការហូរទឹករំអិលនោះ មិនមែនជាផ្នែកនៃការមករដូវទេ(មកដាច់ដោយឡែក) នោះវាគ្មានបញ្ហាអ្វីឡើយ។ ដូចដែលបានបង្ហាញនៅក្នុងហាទីស ដែលបាននិយាយថា៖ “ យើងមិនបានចាត់ទុកការហូរទឹករំអិលពណ៌ត្នោត ឬពណ៌លឿងក្រោយពេលមករដូវថាជាបញ្ហាអ្វីនោះទេ” ។ ( ពូខរី ៖ ៣២៦ និង អាពូដាវូឌ ៖ ៣០៧)