ធាតុពិតនៃការគោរពសក្ការៈ
ការគោរពសក្ការៈ គឺមានឋានៈធំធេងណាស់នៅក្នុងសាសនាអ៊ីស្លាម។ នៅក្នុងមេរៀននេះ អ្នកនឹងសិក្សាអំពីអត្ថន័យនៃការគោរពសក្ការៈ ធាតុពិតរបស់វា សសរស្តម្ភរបស់វា និងគតិបណ្ឌិតនៅពីក្រោយការបែងចែកការគោរពសក្ការៈជាប្រភេទៗខុសៗគ្នា។
ដឹងពីអត្ថន័យនៃការគោរពសក្ការៈ និងធាតុពិតរបស់វា
ដឹងពីសសរស្តម្ភ និងប្រភេទនៃការគោរពសក្ការៈ
ដឹងពីគតិបណ្ឌិត ឬបុព្វហេតុមួយចំនួននៃការបែងចែកការគោរពសក្ការៈជាប្រភេទៗ
អត្ថន័យការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)
ការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់) គឺជាសមូហនាមដែលសំដៅលើគ្រប់ប្រការទាំងអស់ដែលអល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់ និងពេញចិត្ត មិនថាជាពាក្យសម្តី ឬទង្វើ ទាំងខាងក្រៅ និងខាងក្នុង។ ដូចនេះ រាល់អ្វីដែលអល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់ និងពេញចិត្ត គឺគេចាត់ទុកជាការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)។
https://learningislam.com/storage/academy/faith/faith13.jpg
ធាតុពិតនៃការគោរពសក្ការៈ
ការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)៖ ជាការគោរពប្រតិបត្តិទូទៅជាមួយនឹងក្តីស្រឡាញ់ ការលើកតម្កើង និងការឱនលំទោន ហើយវាគឺជាសិទ្ធិរបស់អល់ឡោះជាម្ចាស់មកលើខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ ទ្រង់បានជ្រើសរើសវាជាពិសេសសម្រាប់ទ្រង់តែមួយគត់ មិនសម្រាប់អ្នកផ្សេងក្រៅពីទ្រង់ឡើយ ហើយវារួមបញ្ចូលនូវអ្វីៗទាំងអស់ដែលអល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់ និងពេញចិត្ត ទាំងពាក្យសម្តី និងកាយវិការដែលទ្រង់បានបង្គាប់ប្រើ និងជំរុញមនុស្សឱ្យធ្វើ មិនថាទង្វើនោះជាសកម្មភាពខាងក្រៅ ដូចជាការប្រតិបត្តិសឡាត ការបរិច្ចាគហ្សាកាត់ និងការធ្វើធម្មយាត្រាហាជ្ជី ឬជាទង្វើផ្នែកខាងក្នុង ដូចជាការហ្ស៊ីកៀរ(រលឹកអល់ឡោះ)ដោយចិត្ត ការខ្លាចទ្រង់ ការប្រគល់ការទុកចិត្តលើទ្រង់ ការសុំជំនួយពីទ្រង់ ឬក៏ទង្វើផ្សេងៗទៀតនោះឡើយ។
ក្នុងចំណោមក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ចំពោះខ្ញុំបម្រើរបស់ទ្រង់ គឺទ្រង់បានបង្កើតការគោរពសក្ការៈជាច្រើនប្រភេទសម្រាប់ពួកគេ ក្នុងចំណោមនោះ៖
១. ការគោរពសក្ការៈផ្លូវចិត្ត៖ ដូចជាការស្រឡាញ់អល់ឡោះជាម្ចាស់ ការខ្លាចទ្រង់ និងការប្រគល់ការទុកចិត្តលើទ្រង់ ហើយវាជាការគោរពសក្ការៈដ៏សំខាន់ និងប្រសើរបំផុត។
២. ការគោរពសក្ការៈផ្លូវកាយ៖ ក្នុងនោះ មានខ្លះទាក់ទងនឹងអណ្តាត ដូចជាការហ្ស៊ីកៀរ(រលឹក)អល់ឡោះ ការសូត្រគម្ពីរគួរអាន និងការនិយាយពាក្យសម្តីល្អៗ, មានខ្លះទាក់ទងនឹងកាយវិការ ដូចជាការយកវូហ្ទុ ការបួសតមអាហារ ការប្រតិបត្តិសឡាត និងការរើសយករបស់ដែលបង្កគ្រោះថ្នាក់ចេញពីផ្លូវ។
៣. ការគោរពសក្ការៈផ្នែកទ្រព្យសម្បត្តិ៖ ដូចជាការបរិច្ចាគហ្សាកាត់ ការបរិច្ចាគទាន និងការចំណាយទៅក្នុងផ្លូវសប្បុរសធម៌។
៤. ហើយមានការគោរពសក្ការៈខ្លះ គឺរួមបញ្ចូលទាំងអស់(ផ្លូវចិត្ត ផ្លូវកាយ និងទ្រព្យសម្បត្តិ) ដូចជាការធ្វើហាជ្ជី និងការធ្វើអ៊ុមរ៉ោះ។
គតិបណ្ឌិតឬបុព្វហេតុនៃការបង្កើតឲ្យមានការគោរពសក្ការៈជាច្រើនប្រភេទខុសៗគ្នា
ក្នុងចំណោមគតិបណ្ឌិតរបស់អល់ឡោះជាម្ចាស់ គឺទ្រង់បានបង្កើតឲ្យមានការគោរពសក្ការៈជាច្រើនប្រភេទខុសៗគ្នាដើម្បីឲ្យមនុស្សមានភាពសកម្មនៅក្នុងខ្លួនក្នុងការគោរពសក្ការៈដោយមិនមានការធុញទ្រាន់ និងនឿយណាយ។ ម្យ៉ាងទៀត ដើម្បីឲ្យមនុស្សទទួលយកការគោរពសក្ការៈណាដែលគេយល់ឃើញថាសមស្របសម្រាប់ខ្លួនគេ។
https://learningislam.com/storage/academy/faith/faith08_jgh3taq.jpg
ម្យ៉ាងទៀត ការដែលការគោរពសក្ការៈមានច្រើនប្រភេទបែបនេះ ក៏វាសមស្របទៅតាមប្រភេទនៃមនុស្សដែលមានទំនោរ និងសមត្ថភាពខុសៗគ្នាដែរ។ ហេតុនេះយើងសង្កេតឃើញថា ក្នុងចំណោមពួកគេ មានអ្នកដែលសកម្មខ្លាំងក្នុងការគោរពសក្ការៈជាងអ្នកផ្សេង។ ជួនកាល អ្នកខ្លះចូលចិត្តធ្វើអំពើល្អទៅកាន់មនុស្ស អ្នកខ្លះចូលចិត្តការបួសស៊ូណិត(ស្ម័គ្រចិត្ត) ខណៈដែលអ្នកខ្លះទៀតជាប់ចិត្តជាមួយនឹងការសូត្រ និងទន្ទេញគម្ពីរគួរអានជាដើម។
ព្យាការី សអវ លោកបានមានប្រសាសន៍ថា៖ "បុគ្គលជាអ្នកសឡាត គេនឹងហៅគាត់(ឲ្យចូលឋានសួគ៌)ពីទ្វារសឡាត។ បុគ្គលជាអ្នកដែលតស៊ូក្នុងផ្លូវអល់ឡោះ គេនឹងហៅគាត់ពីទ្វារសម្រាប់អ្នកតស៊ូ។ បុគ្គលជាអ្នកបរិច្ចាគទាន គេនឹងហៅគាត់ពីទ្វារបរិច្ចាគទាន។ ហើយបុគ្គលជាអ្នកបួស គេនឹងហៅគាត់ពីទ្វាររ៉យយ៉ាន"។ អាពូហ្ពាកើរបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! សូមស្បថនឹងអល់ឡោះ! តើអ្នកដែលត្រូវគេហៅពីគ្រប់ទ្វារទាំងអស់ គាត់មិនមានកាតព្វកិច្ចចូលតាមទ្វារទាំងអស់នោះទេឬ? តើមានអ្នកដែលត្រូវគេហៅពីគ្រប់ទ្វារទាំងអស់ឬទេ? លោកបានឆ្លើយថា៖ "គឺមាន ហើយខ្ញុំសង្ឃឹមថា អ្នកនឹងស្ថិតនៅក្នុងចំណោមពួកគេ"។ (ពូខរី៖១៨៩៧, មូស្លីម៖១០២៧)
ការគោរពសក្ការៈគ្របដណ្តប់គ្រប់ទិដ្ឋភាពទាំងអស់នៃជីវិត
ការគោរពសក្ការៈរួមបញ្ចូលនូវសកម្មភាពទាំងអស់របស់អ្នកមានជំនឿ ប្រសិនបើគេបាននៀត(ចេតនា)បញ្ជិតខ្លួនតាមរយៈវាទៅចំពោះអល់ឡោះជាម្ចាស់។ ជាការពិតណាស់ ការគោរពសក្ការៈនៅក្នុងសាសនាឥស្លាមមិនត្រូវបានកំណត់ត្រឹមតែចំពោះ....................ដូចជាការប្រតិបត្តិសឡាត ការបួស និងប្រការផ្សេងៗទៀតនោះទេ។ ផ្ទុយទៅវិញ គ្រប់ទង្វើឬសកម្មភាពដែលមានប្រយោជន៍ទាំងអស់ កាលណាគេមាននៀតល្អត្រឹមត្រូវ និងមានបំណងល្អត្រឹមត្រូវនោះ វានឹងក្លាយជាការគោរពសក្ការៈដែលគេផ្តល់ផលបុណ្យឲ្យ។ ហេតុនេះ ប្រសិនបើជនមូស្លីមម្នាក់បានទទួលទានអាហារ ឬផឹកទឹក ឬគេងក្នុងបំណងដើម្បីឲ្យមានកម្លាំងក្នុងការគោរពប្រតិបត្តិអល់ឡោះនោះ គឺគេនឹងផ្តល់ផលបុណ្យដល់រូបគេ។
https://learningislam.com/storage/academy/faith/faith09.jpg
ឆាកជីវិតរបស់ជនមូស្លីមទាំងមូល គឺគេរស់នៅដើម្បីអល់ឡោះជាម្ចាស់។ ដូចនេះ គេទទួលទានអាហារដើម្បីឱ្យមានភាពរឹងមាំក្នុងការគោរពប្រតិបត្តិចំពោះអល់ឡោះ។ ដូច្នេះ ការទទួលទានអាហាររបស់គេក្នុងគោលបំណងបែបនេះ គឺក្លាយជាការគោរពសក្ការៈ។ គេរៀបការដើម្បីឲ្យខ្លួនរបស់គេមានភាពបរិសុទ្ធចាកឆ្ងាយពីប្រការដែលច្បាប់ឥស្លាមហាមឃាត់។ ដូច្នេះការរៀបការរបស់គេក្នុងចេតនាបែបនេះ គឺក្លាយជាការគោរពសក្ការៈ។ តាមរយៈចេតនាល្អដូចគ្នានេះដែរធ្វើឲ្យការរកស៊ីជួញដូររបស់គេ ការប្រកបការងាររបស់គេ និងការរកប្រាក់របស់គេ នឹងក្លាយជាការគោរពសក្ការៈ។ ការសិក្សារៀនសូត្រទទួលបានចំណេះដឹង និងសញ្ញាបត្រ ការសិក្សាស្រាវជ្រាវ របកគំហើញ និងការច្នៃប្រឌិតរបស់គេ គឺជាការគោរពសក្ការៈ។ ហើយការយកចិត្តទុកដាក់របស់ស្ត្រីចំពោះស្វាមី កូនៗ និងផ្ទះសម្បែងរបស់ខ្លួន គឺជាការគោរពសក្ការៈ។ គឺដូច្នេះឯងនៅគ្រប់ទិដ្ឋភាពនៃជីវិត ការងារ និងកិច្ចការដែលមានប្រយោជន៍ ដរាបណាអ្វីៗទាំងអស់នេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការនៀត(ចេតនា)ត្រឹមត្រូវ និងបំណងល្អ។
ការគោរពសក្ការៈ គឺជាបុព្វហេតុនៃការបង្កើតសព្វភាវៈ(ម៉ាខ្លូក)ទាំងឡាយ
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ "ហើយយើងមិនបានបង្កើតជិន និងមនុស្សលោកក្រៅពីឱ្យពួកគេគោរពសក្ការៈមកចំពោះយើងឡើយ។ យើងមិនត្រូវការលាភសក្ការៈពីពួកគេឡើយ ហើយយើងក៏មិនត្រូវការឱ្យពួកគេផ្ដល់អាហារដល់យើងដែរ។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកផ្ដល់លាភសក្ការៈដែលមានអានុភាពខ្លាំងក្លាជាទីបំផុត"។ (អាសហ្សើរីយ៉ាត)
អល់ឡោះជាម្ចាស់ទ្រង់បានប្រាប់ថា ជាការពិតណាស់ បុព្វហេតុនៃការបង្កើតជិន និងមនុស្ស គឺដើម្បីឲ្យពួកគេបញ្ឈរនូវការគោរពសក្ការៈចំពោះទ្រង់ ខណៈដែលអល់ឡោះជាម្ចាស់ដ៏មហាខ្ពង់ខ្ពស់ទ្រង់មហាមានលើសលប់មិនត្រូវការការគោរពសក្ការៈរបស់ពួកគេឡើយ តែពួកគេទៅវិញទេដែលត្រូវការការគោរពសក្ការៈចំពោះទ្រង់នោះ ត្បិតពួកគេមានភាពខ្វះខាត តោកយ៉ាងចំពោះអល់ឡោះជាម្ចាស់។
នៅពេលដែលមនុស្សធ្វេសប្រហែសភ្លេចខ្លួនពីគោលបំណងនេះ ហើយបណ្ដោយខ្លួនឲ្យលិចលង់ទៅក្នុងភាពត្រេកត្រអាលនៃលោកិយដោយមិននឹកឃើញពីគតិបណ្ឌិតរបស់ព្រះជាម្ចាស់ចំពោះវត្តមានរបស់គេនៅក្នុងលោកិយនេះ គឺរូបគេនឹងក្លាយទៅជាភាវៈមួយដែលគ្មានតម្លៃមិនខុសអ្វីពីភាវៈផ្សេងទៀតក្នុងលោកនេះនោះឡើយ ពីព្រោះថាសត្វពាហនៈក៏វាស៊ីអាហារ និងរស់នៅទទេៗក្នុងលោកិយនេះដែរ គ្រាន់តែគេមិនជំនុំជម្រះ កាត់សេចក្តីពួកវានៅថ្ងៃបរលោកដូចមនុស្សប៉ុណ្ណោះ។ ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “រីឯពួកគ្មានជំនឿវិញ ពួកគេសោយសុខ(នៅក្នុងលោកិយ)និងបរិភោគដូចជាសត្វពាហនៈស៊ីដូច្នោះដែរ។ ហើយនរកគឺជាកន្លែងជ្រកកោនសម្រាប់ពួកគេ”។ (មូហាំម៉ាត់៖១២)។ ពោលគឺពួកគេមានលក្ខណៈស្រដៀងនឹងសត្វពាហនៈក្នុងសកម្មភាព និងគោលបំណងរបស់វា ក៏ប៉ុន្តែពួកគេនឹងត្រូវទទួលទោសចំពោះរឿងនោះ ដោយសារតែពួកគេមានវិចារណញាណដែលពួកគេអាចគិតពិចារណា និងយល់បាន ខុសពីសត្វពាហនៈដែលគ្មានវិចាណញាណចេះគិតពិចារណា។
សសរស្តម្ភ(រូកុន)នៃការគោរពសក្ការៈ
ការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)ដែលអល់ឡោះជាម្ចាស់ទ្រង់ដាក់បទបញ្ជា គឺឈរនៅលើសសរស្តម្ភ(រូកុន)បីសំខាន់ ហើយសសរស្តម្ភនីមួយៗ គឺជួយបំពេញគ្នាទៅវិញទៅមក។
https://learningislam.com/storage/academy/faith/faith10_0.jpg
សសរស្តម្ភ(រូកុន)នៃការគោរពសក្ការៈ
١
១. មានក្តីស្រឡាញ់ចំពោះអល់ឡោះជាម្ចាស់
٢
២. បន្ទាបខ្លួន និងខ្លាចចំពោះទ្រង់
٣
៣. សង្ឃឹម និងគិតស្មានល្អចំពោះទ្រង់
ជាការពិតណាស់ ការគោរពសក្ការៈដែលអល់ឡោះជាម្ចាស់ទ្រង់បានដាក់វាជាកាតព្វកិច្ចមកលើខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ គឺចាំបាច់ត្រូវមាននៅក្នុងវានូវការបន្ទាបខ្លួន និងការឱនលំទោទៅកាន់អល់ឡោះជាម្ចាស់ ហើយនិងការខ្លាចទ្រង់ ព្រមជាមួយនឹងត្រូវមានក្តីស្រឡាញ់ និងក្តីសង្ឃឹមយ៉ាងពេញលេញចំពោះទ្រង់។
ដោយផ្អែកលើនេះ ក្ដីស្រឡាញ់ដែលមិនមាននូវការខ្លាច គ្មានការបន្ទាបខ្លួន(ដូចជាការស្រឡាញ់ចំណីអាហារ និងទ្រព្យសម្បត្តិ)ពុំមែនជាការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)នោះទេ ហើយការខ្លាចដោយគ្មានក្ដីស្រឡាញ់(ដូចជាខ្លាចអំពីសត្វសាហាវ និងការខ្លាចអ្នកគ្រប់គ្រងដែលប្រព្រឹត្តអយុត្តិធម៌) ក៏មិនត្រូវបានចាត់ទុកថាជាការគោរពសក្ការៈនោះដែរ។ តែប្រសិនបើវាផ្តុំទៅដោយការខ្លាច ក្តីស្រឡាញ់ និងការសង្ឃឹមនៅក្នុងទង្វើរបស់គេ នោះវាគឺជាការគោរពសក្ការៈ ហើយការគោរពសក្ការៈគឺមិនអាចធ្វើទៅចំពោះនរណាម្នាក់ក្រៅពីចំពោះអល់ឡោះជាម្ចាស់តែមួយគត់នោះឡើយ។
ដូចនេះ នៅពេលដែលជនមូស្លីមប្រតិបត្តិសឡាត ឬកាន់អំណត់បួសដោយក្តីស្រឡាញ់ចំពោះអល់ឡោះ និងសង្ឃឹមផលបុណ្យអំពីទ្រង់ ព្រមទាំងខ្លាចទណ្ឌកម្មរបស់ទ្រង់នោះ វាគឺជាការគោរពសក្ការៈ។ តែប្រសិនបើគេប្រតិបត្តិសឡាតដើម្បីកុំឲ្យគេនិយាយថា រូបគេមិនសឡាត ឬក៏រូបគេបួសដើម្បីឲ្យទទួលបានសុខភាពល្អនោះ ពិតណាស់រូបគេមិនស្ថិតនៅក្នុងការគោរពសក្ការៈឡើយ។
https://learningislam.com/storage/academy/faith/faith07.jpg
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលកោតសរសើរចំពោះបណ្តាព្យាការីរបស់ទ្រង់ថា៖ "ពិតប្រាកដណាស់ ពួកគេស្វាហាប់ក្នុងការសាងអំពើល្អ ហើយពួកគេបួងសួងសុំមកចំពោះយើងដោយក្ដី សង្ឃឹម និងកោតខ្លាច។ ហើយពួកគេគឺជាអ្នកដែលបានឱនលំទោនមកចំពោះយើង"។ (អាល់អាំពីយ៉ាក៖៩០)
https://learningislam.com/storage/academy/salah/praying-in-public.JPG
ប្រភេទនៃការគោរពសក្ការៈ
١
១. ការគោរពសក្ការៈសាធ
٢
២. អ្វីដែលក្លាយជាការគោរពសក្ការៈដោយសារការនៀត
១. ការគោរពសក្ការៈសុទ្ធសាធ
វាគឺជាអ្វីដែលអល់ឡោះជាម្ចាស់ និងអ្នកនាំសាររបស់ទ្រង់បានដាក់បទបញ្ជាឱ្យអនុវត្តវាទៅតាមវិធីសាស្ត្រ ឬរបៀបរបបមួយជាក់លាក់ ហើយវាមិនអាចជាអ្វីក្រៅពីការគោរពសក្ការៈនោះទេ ដូចជា ការប្រតិបត្តិសឡាត ការបួសតមអាហារ ការធ្វើ់ហាជ្ជី ការបួងសួងសុំទូអា និងការតវ៉ាហ្វ ហើយនិងអ្វីដែលស្រដៀងគ្នានេះ។ ហើយការគោរពសក្ការៈទាំងនេះ គឺគេមិនអាចបង្វែរវាទៅកាន់នរណាក្រៅពីអល់ឡោះឡើយ ហើយគេក៏មិនអាចទាមទារផលបុណ្យរបស់វាក្រៅពីទ្រង់នោះដែរ។
២. អ្វីដែលអាចក្លាយជាការគោរពសក្ការៈដោយសារការនៀត
ក្នុងចំណោមនោះមានដូចជា ការប្រកាន់ខ្ជាប់នឹងសីលធម៌ល្អប្រពៃដែលអល់ឡោះជាម្ចាស់ទ្រង់បានបង្គាប់ប្រើ ឬជំរុញមនុស្សឲ្យប្រកាន់យក ដូចជាការកតញ្ញូចំពោះឪពុកម្តាយ ការមានចិត្តសប្បុរសចំពោះមនុស្ស និងការជួយដល់អ្នកដែលត្រូវគេជិះជាន់ ក៏ដូចជាទម្លាប់និងសីលធម៌ដ៏ឧត្តុង្គឧត្តមប្រសើរថ្លៃថ្លាផ្សេងទៀតដែលអល់ឡោះជាម្ចាស់ទ្រង់បានបង្គាប់ប្រើជារួម ហើយជនមូស្លីមនឹងទទួលបាបកម្មប្រសិនបើគេបោះបង់វាចោល។ ការគោរពសក្ការៈប្រភេទនេះ គឺគ្រប់គ្រាន់ហើយដោយគេគ្រាន់តែមិនត្រូវធ្វើផ្ទុយ និងមិនធ្លាក់ទៅក្នុងប្រការដែលគេហាមឃាត់។
ដើម្បីឲ្យការគោរពសក្ការៈនោះមានលក្ខណៈត្រឹមត្រូវ ហើយត្រូវបានគេទទួលយក គឺត្រូវមានពីរលក្ខខណ្ឌ៖
١
១. ត្រូវធ្វើវាដោយចិត្តស្មោះស ជ្រះថ្លា(អៀខ្លើស)ចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ពុំមានស្ហ៊ីរិកនឹងទ្រង់នឹងអ្វីមួយឡើយ។
٢
២. ត្រូវអនុវត្តឲ្យស្របតាមមាគ៌ា លំអាន(ស៊ុណ្ណះ)របស់រ៉ស៊ូលុលឡោះ ﷺ។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ " ដូចេ្នះ ជនណាហើយដែលសង្ឃឹមថា នឹងបានជួបម្ចាស់របស់គេ ចូរឱ្យគេសាងអំពើល្អ ហើយកុំឱ្យគេយកអ្នកណាម្នាក់ធ្វើជាដៃគូក្នុងការគោរពសក្ការៈចំពោះម្ចាស់របស់គេឱ្យសោះ"។ (អាល់កះហ្វ៍៖១១០)
បន្ទូលរបស់អល់ឡោះ៖ "ហើយចូរកុំឱ្យគេយកអ្នកណាម្នាក់ធ្វើជាដៃគូក្នុងការគោរពសក្ការៈចំពោះម្ចាស់របស់គេឱ្យសោះ" គឺជាភស្តុតាងបង្ហាញពីភាពស្មោះស ជ្រះថ្លា(អៀខ្លើស)នៅក្នុងការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ពុំមែនសម្រាប់អ្នកផ្សេងក្រៅពីទ្រង់ឡើយ។ ចំំណែកឯបន្ទូលរបស់ទ្រង់៖ "សាងអំពើល្អ" គឺស្របទៅតាមស៊ុណ្ណះ ពីព្រោះអំពើល្អ គឺជាប្រការដែលត្រឹមត្រូវ ហើយប្រការមួយដែលអាចត្រឹមត្រូវបាន លុះត្រាតែវាស្របទៅតាមស៊ុណ្ណះរ៉ស៊ូលុលឡោះ សអវ។ ដូចនេះ ជនណាដែលចង់បានការពេញចិត្តពីអល់ឡោះ និងផលបុណ្យថ្ងៃបរលោក គឺចាំបាច់លើគេត្រូវគោរពសក្ការៈចំពោះអល់ឡោះដោយគោរពទៅតាមលក្ខខណ្ឌពីរដែលបានលើកឡើងក្នុងអាយ៉ាត់ខាងលើនេះ។
ហើយទង្វើទាំងនេះ ប្រសិនបើគេធ្វើដោយមានការនៀតល្អ ហើយគេធ្វើវាក្នុងបំណងដើម្បីជាការគោរពប្រតិបត្តិចំពោះអល់ឡោះ នោះគេនឹងទទួលបានផលបុណ្យ។ តែប្រសិនបើគេធ្វើវាដោយមិនមានបំណង ឬចេតនាដើម្បីអល់ឡោះទេនោះ គឺគេមិនទទួលបានផលបុណ្យឡើយ តែក៏មិនទទួលបានបាបកម្មនោះដែរ។ ស្ថិតក្នុងចំណោមការគោរពសក្ការៈប្រភេទនេះដែរ គឺកិច្ចការដែលទាក់ទងនឹងជីវិតលោកិយរបស់គេ ដូចជាការគេង ការធ្វើការងារ ការរកស៊ីជួញដូរ និងការលេងកីឡាជាដើម។ ដូចនេះ រាល់កិច្ចការ ឬទង្វើដែលមានប្រយោជន៍ដែលគេធ្វើវាក្នុងបំណង ឬចេតនាដើម្បីអល់ឡោះជាម្ចាស់នោះ គឺគេនឹងទទួលបានផលបុណ្យអំពីទ្រង់។