បន្ដបេសកកម្មនេះជាមួយយើង ដោយគ្រាន់ ស្កេនរូបខាងលើ ឬចូលរួមយោបល់របស់អ្នកតាមរយៈ

ទំនាក់ទំនងរបស់ជនមូស្លីមជាមួយនឹងជំងឺរាតត្បាត

មានជំនឿចំពោះការកំណត់ព្រេងវាសនា

យើងត្រូវមានជំនឿចំពោះការកំណត់វាសនាល្អ អាក្រក់ ព្រោះវាជាគោលគ្រឹះមួយក្នុងចំណោមគោលគ្រឹះនៃជំនឿ(រូកុនអ៊ីម៉ាន់)។ ហើយអ្វីដែលកើតឡើងចំពោះបម្រើរបស់អល់ឡោះ ដូចជារោគរាតត្បាត ជំងឺ គ្រោះមហន្តរាយ និងគ្រោះថ្នាក់ផ្សេងៗ គឺសុទ្ធតែជាកំណត់ពីអល់ឡោះជាម្ចាស់ទាំងអស់។ ដូចនេះ យើងត្រូវទទួលយកនូវការកំណត់របស់អល់ឡោះ ហើយមិនត្រូវខឹងសម្បា ត្អូញត្អែរ ឬភ័យស្លន់ស្លោឡើយ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “គ្មានអ្នកណាម្នាក់ទទួលរងគ្រោះថ្នាក់ឡើយ លើកលែងតែមានការអនុញ្ញាតពីអល់ឡោះ។ ហើយអ្នកណាដែលមានជំនឿលើអល់ឡោះ ទ្រង់នឹងចង្អុលបង្ហាញដល់ដួងចិត្ដរបស់គេ។ ហើយអល់ឡោះដឹងបំផុតនូវអ្វីៗទាំងអស់”។ (អាត់តាហ្គ៏ពុន៖១១)

ជំងឺនានាពុំមានឥទ្ធិពល ឬអាចចម្លងដោយខ្លួនវាឡើយ

អ្នកមានជំនឿត្រូវជឿថា ជាការពិតណាស់ ជំងឺផ្សេងៗ គឺវាពុំមានឥទ្ធិពល ឬអាចចម្លងទៅកាន់អ្នកដទៃដោយខ្លួនវាឡើយ ផ្ទុយទៅវិញ គឺវាអាចមានឥទ្ធិពលបានអាស្រ័យទៅតាមបទបញ្ជារបស់អល់ឡោះ និងការកំណត់របស់ទ្រង់ប៉ុណ្ណោះ។ តែជាទោះបែបនេះក៏ដោយ ក៏ពួកយើងត្រូវបានគេបង្គាប់ប្រើឲ្យប្រកាន់យកនូវមូលហេតុជាក់ស្តែងជាបច្ច័យ ដោយការអនុវត្តតាមក្បួនវេជ្ជសាស្ត្រ និងការការពារ តាមរយៈការនៅឲ្យឆ្ងាយពីមូលហេតុដែលនាំឲ្យមានជំងឺ និងកន្លែងដែលមានជំងឺរាតត្បាតកើតឡើង ព្រមទាំងត្រូវមានការប្រុងប្រយ័ត្នដោយមិនត្រូវនៅលាយឡំជាមួយនឹងអ្នកជំងឺឡើយ។ ព្យាការី សអវ លោកបានមានប្រសាសន៍ថា៖ “គ្មានជំងឺណាឆ្លងដោយខ្លួនឯងឡើយ គ្មានប្រផ្នូលអាក្រក់ឡើយ”។ (ពូខរី៖៥៧០៧)

តើជំងឺ និងរោគរាតត្បាតនានា តែងតែជាទណ្ឌកម្មពីអល់ឡោះជាដរាបឬ?

ជំងឺ និងរោគរាតត្បាតនានា គឺជាទណ្ឌកម្មភ្លាមៗពីអល់ឡោះជាម្ចាស់ចំពោះអ្នកដែលគ្មានជំនឿ និងពួកពុតត្បុត(មូណាហ្វិក) ហើយវាជាក្តីមេត្តាករុណាចំពោះអ្នកដែលមានជំនឿដើម្បីលើកឋានៈរបស់ពួកគេ និងជម្រុះចោលនូវកំហុសឆ្គងរបស់ពួកគេ។ ព្យាការី សអវ បានប្រាប់ អាអ៊ីស្ហះ រទអ នៅពេលដែលនាងសួរលោកអំពីជំងឺតអ៊ូន(ឈ្មោះជំងឺរាតត្បាតម្យ៉ាង)ថា៖ “ជាការពិត វាជាទណ្ឌកម្មមួយដែលអល់ឡោះទ្រង់បញ្ជូនវាទៅកាន់ជនណាដែលទ្រង់មានចេតនា ហើយអល់ឡោះទ្រង់បានចាត់ទុកវាជាក្តីមេត្តាករុណាចំពោះអ្នកដែលមានជំនឿ។ បុគ្គលណាម្នាក់ដែលកើតជំងឺតអ៊ូន ហើយរូបគេស្ថិតនៅក្នុងទឹកដីរបស់ខ្លួនដោយភាពអត់ធ្មត់ និងរំពឹងផលបុណ្យពីអល់ឡោះ(មិនចាកចេញពីតំបន់នោះ)ដោយគេដឹងថា ពិតណាស់ វាមិនអាចបង្កគ្រោះថ្នាក់ដល់រូបគេឡើយ លើកលែងតែអ្វីដែលអល់ឡោះទ្រង់បានកត់ត្រាឲ្យរូបគេប៉ុណ្ណោះ នោះរូបគេនឹងទទួលបានផលបុណ្យប្រៀបដូចជាផលបុណ្យអ្នកពលី(ស្ហាហ៊ីទ)”។ (ពូខរី៖៣៤៧៤)

ឆ្លើយតបនឹងការណែនាំរបស់អាជ្ញាធរ ឬអ្នកមានសមត្ថកិច្ច

នៅក្នុងកាលៈទេសៈនេះ ចាំបាច់លើជនមូស្លីមត្រូវឆ្លើយតបតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច និងត្រូវមានការទទួលខុសត្រូវខ្ពស់ ដោយត្រូវគិតពីប្រយោជន៍រួមជាជាងប្រយោជន៍បុគ្គល ព្រមទាំងចូលរួមសហការគ្នាដើម្បីធានាបាននូវស្ថិរភាព និងការវិលត្រឡប់មករកប្រក្រតីភាពឡើងវិញ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ចូរពួកអ្នកជួយគ្នាលើអំពើល្អ និងកោតខ្លាចអល់ឡោះ ហើយចូរពួកអ្នកកុំជួយគ្នាលើអំពើបាប និងភាពជាសត្រូវនឹងគ្នា”។ (អាល់ម៉ាអ៊ីហ្ទះ៖២)

ប្រការដែលគេហាមឃាត់ក្នុងពេលមានជំងឺរាតត្បាត

១. ផ្សព្វផ្សាយព័ត៌មានមិនពិត និងពាក្យចចាមអារ៉ាម

គ្មានការសង្ស័យទេថា ជាការពិតណាស់ ការផ្សព្វផ្សាយព័ត៌មានមិនពិត គឺចាត់ទុកជាការភូតកុហកដែលត្រូវបានហាមឃាត់ ហើយវាក៏ជាមូលហេតុដែលនាំឲ្យកើតមាននូវការភ័យតក់ស្លុតក្នុងចំណោមមនុស្សផងដែរ។ ដូចនេះ វាជាការសំខាន់ណាស់ដែលត្រូវប្រុងប្រយ័ត្នមិនត្រូវបញ្ជូនព័ត៌មាន ឬដំណឹងទាំងឡាយណាដែលគ្មានប្រភពគួរឲ្យទុកចិត្តនោះឡើយ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលលើកឡើងពីលក្ខណៈសម្បត្តិរបស់ពួកពុតត្បុត(មូណាហ្វិក)ថា៖ “ហើយនៅពេលដែលព័ត៌មានស្ដីអំពីសន្ដិសុខ និងអសន្ដិសុខបានមកដល់ពួកគេ គឺពួកគេផ្សព្វផ្សាយព័ត៌មាននោះភ្លាម។ តែប្រសិនបើពួកគេផ្ដល់ព័ត៌មាននោះទៅកាន់អ្នកនាំសារ និងមេដឹកនាំរបស់ពួកគេវិញ អ្នកដែលចង់ដឹងការពិតក្នុងចំណោមពួកគេ ពិតជាបានដឹងវាជាមិនខាន”។ (អាន់នីសាក៖៨៣)

២. លក់ទំនិញផ្តាច់មុខ

សាសនាឥស្លាមហាមឃាត់ចំពោះការលក់ទំនិញផ្តាច់មុខ ការបោកប្រាស់ ការតម្លើងថ្លៃទំនិញ ជាពិសេស ក្នុងគ្រាមានវិបត្តិ ព្រោះនេះជារូបភាពមួយនៃការស៊ីទ្រព្យសម្បត្តិអ្នកដទៃដោយមិនត្រឹមត្រូវ ជាការបោកប្រាស់ គ្មានភាពស្មោះត្រង់ និងជាអំពើទាបថោក។

៣. មានចេតនាក្នុងការចម្លងរោគទៅអ្នកដទៃ

ការចម្លងមេរោគទៅកាន់អ្នកដទៃពីអុ្នកដែលមានជំងឺទៅកាន់អ្នកដែលមានសុខភាពល្អតាមគ្រប់រូបភាពទាំងអស់ដោយចេតនា គឺត្រូវបានហាមឃាត់ និងត្រូវបានចាត់ទុកជាបាបកម្មកម្រិតធ្ងន់ ហើយវាក៏ទាមទារឱ្យមានការដាក់ទោសទណ្ឌក្នុងលោកិយផងដែរ។ ការដាក់ទោសទណ្ឌនេះ ប្រែប្រួលទៅតាមភាពធ្ងន់ធ្ងរនៃការចម្លងរោគ និងឥទ្ធិពលរបស់វាទៅលើបុគ្គល និងសង្គម។

ទណ្ឌកម្មចំពោះអ្នកដែលចម្លងរោគទៅកាន់អ្នកដទៃដោយចេតនា

  1. ប្រសិនបើគេចម្លងមេរោគនោះក្នុងចេតនាចង់ឲ្យរោគរាតត្បាតនេះរីករាលដាលក្នុងសង្គម ទង្វើនេះត្រូវបានគេចាត់ទុកជាប្រភេទមួយនៃការបង្កសង្គ្រាម និងបង្កវិនាសកម្មនៅលើភពផែនដី ហើយគេត្រូវដាក់ទោសជននេះពីបទឧក្រិដ្ឋកម្មសង្គ្រាម ដូចដែលមានបញ្ជាក់ក្នុងបន្ទូលរបស់អល់ឡោះថា៖ “ពិតប្រាកដណាស់ ការតបស្នងរបស់ពួកដែលធ្វើសង្គ្រាមប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ និងបង្កវិនាសកម្មនៅលើផែនដី (ទោសរបស់ពួកគេ)ពួកគេនឹងត្រូវគេប្រហារជីវិត ឬចងឆ្កាង ឬកាត់ដៃនិងជើងរបស់ពួកគេឆ្លាស់គ្នា ឬត្រូវគេនិរទេសចេញពីទឹកដី។ ទាំងនោះគឺដើម្បីឱ្យពួកគេអាប់ឱនកិត្ដិយសនៅក្នុងលោកិយ ហើយនៅថ្ងៃបរលោកពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត”។ (អាល់ម៉ាអ៊ីហ្ទះ៖៣៣)
  2. ប្រសិនបើគេមានចេតនាចម្លងមេរោគទៅបុគ្គលណាមួយជាក់លាក់ ក្រោយមកបុគ្គលនោះក៏ធ្លាក់ខ្លួនឈឺ ហើយបានស្លាប់ នោះត្រូវដាក់ទោសជននោះពីបទមនុស្សឃាត(ប្រហារជីវិត)។
  3. ប្រសិនបើគេមានចេតនាចម្លងមេរោគទៅបុគ្គលណាមួយជាក់លាក់ ក្រោយមកបុគ្គលនោះក៏ធ្លាក់ខ្លួនឈឺ តែមិនស្លាប់ទេនោះ ទោសរបស់ជននោះ គឺត្រូវសម្រេចដោយថ្នាក់ដឹកនាំ។

៤. ជេរជំងឺ

ព្យាការី សអវ លោកបានហាមឃាត់មិនឲ្យជេរជំងឺគ្រុនក្តៅឡើយ។ អំពី ជើពៀរ ពិន អាប់ទុលឡោះ រទអ ពិតណាស់ រ៉ស៊ូលុលឡោះ សអវ លោកបានមានប្រសាសន៍ទៅកាន់ អ៊ុមមូអាស្សាអ៊ិប ថា៖ “ចូរនាងកុំជេរជំងឺគ្រុនក្ដៅ ព្រោះវាលុបលាងកំហុសឆ្គងកូនចៅអាហ្ទាំ ដូចជាភ្លើងដែលលុបបំបាត់ចេ្រះដែកដូច្នោះដែរ”។ (មូស្លីម៖២៥៧៥)

ការបង្ហោះពាក់ព័ន្ធ :

Post a Comment